សន្ដិសុខសង្គម

ចុះបិទខារ៉ាអូខេឈ្មោះ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់

ដោយ៖សុខុម

បន្ទាយមានជ័យ៖ ផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងត្រឹមថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ ថាករណីបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០៧ នាក់និងបិទទីតាំងខារ៉ាអូខេមួយកន្លែងឈ្មោះ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតសមត្ថកិច្ចកំពុងបន្តនីតិវិធីករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

ប្រភពបានឱ្យដឹងថាដោយមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកម្លាំងនគរបាលកាលពីយប់ថ្ងៃទី៤វិច្ឆិកាបើកប្រតិបត្តិការឆ្មក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ក្នុងនោះ ស្រី ៤០នាក់ ជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖-ឥណ្ឌូនេស៊ីៈ២១នាក់ ស្រី០១នាក់  -វៀតណាម១៥នាក់ ស្រី០២នាក់ -ចិនៈ០៣នាក់ ស្រី០១នាក់ និងថៃ០៣នាក់ ស្រី០៣នាក់។ ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច,ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់,ពណ៌លឿង ១០កញ្ចប់,ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់។

គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេSKY KTV ត្រូវបានបិទបណ្តោះអាសន្ន។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួននិងកំពុងសួរនាំ ព្រមទាំងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕