សន្ដិសុខសង្គម

សមត្ថកិច្ចឆ្មក់ចាប់អ្នកលេងល្បែងឃាត់ខ្លួនបាន៩នាក់

ដោយ:សុខុម
ព្រះវិហារ:សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនសំណុំរឿងជនសង្ស័យចំនួន៩នាក់ពីបទលេងល្បែង​ស៊ីសងខុសច្បាប់ទៅតុលាការ។


សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូង​ខេត្តព្រះវិហារ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះបង្រ្កាបករណីបើកល្បែង​ស៊ីសង​ខុសច្បាប់ ចំនួន ០១ករណី ស្ថិតនៅដីឡូត៍ទំនេរ នៅភូមិស្រអែម​ខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចឃាត់ខ្លួនបានមុខសញ្ញាចំនួន ៩នាក់ ស្រី ៤នាក់ និងដកហូត​វត្ថុតាងរួមមាន៖ គ្រាប់ខ្លាឃ្លោកចំនួន ៥២គ្រាប់, ចានសម្រាប់ក្រឡុក​ខ្លាឃ្លោកចំនួន ០៦ចាន, តេឡេបញ្ជាអាប៉ោងចំនួន ០៣, បៀចំនួន ០២ហ៊ួ,ទូរសព្ទដៃចំនួន ០៨គ្រឿង, ម៉ូតូចំនួន ០៧គ្រឿង និងសម្ភារ​បម្រើល្បែងមួយចំនួន៕