សន្ដិសុខសង្គម

តាមចាប់រថយន្តបុកម៉ូតូ ធ្វើឱ្យមន្ត្រីអាវុធហត្ថម្នាក់ស្លាប់ និងស្ត្រីរួមដំណើររងរបួសធ្ងន់

ដោយ៖វិចិត្រ
ភ្នំពេញ៖សមត្ថកិច្ចជំនាញបានតាមរកចាប់រថយន្តបើកបុកម៉ូតូ បណ្តាលឱ្យ មន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ស្លាប់ និងស្ត្រីម្នាក់រួមដំណើររងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើង នៅតាមផ្លូវលេខ២១៤ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ភាង មុន្នីស័ក្ខ អាយុ២៥ឆ្នាំ ជាមន្ត្រីអាវុធហត្ថខណ្ឌចំការមន ស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ចំណែកស្ត្រីរួមដំណើររងរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះព្រោះប្រញាប់ដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ប្រភពដដែលបានបន្តថា មុនកើតហេតុ បុរសម្នាក់រួមដំណើរដោយស្ត្រីម្នាក់ ផង បានជិះម៉ូតូម៉ាកVespaពណ៌ក្រហមគ្មានផ្លាកលេខ តាមផ្លូវលេខ២១៤ ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកតាមផ្លូវលេខ៥១ ពីជើងទៅត្បូងក្នុងល្បឿនលឿន។

រថយន្តបានបុកម៉ូតូពេញទំហឹងខ្ទាតមនុស្សជាច្រើនម៉ែត្រ បណ្ដាលឱ្យខាង ម៉ូតូជាមន្ត្រីអាវុធហត្ថខណ្ឌចម្ការមនបានស្លាប់មួយរំពេច។រីឯស្ត្រីរួមដំណើរ រងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយបង្កគ្រោះថ្នាក់រហូតបាត់បង់ជីវិតនិងរងរបួស រថយន្តបង្កក៏បើក រត់បាត់។ បន្ទាប់មកកម្លាំងមូលដ្ឋាន និងអាវុធហត្ថខណ្ឌបានបើកការ ស្រាវជ្រាវ តាមរកចាប់រថយន្តបង្កនិងតៃកុងយកមកអនុវត្តតាមច្បាប់៕