ព័ត៌មានជាតិ

ក្រសួងនិងអាជ្ញាធរខេត្តជំរុញការដោះស្រាយផលប៉ះពាល់ដើម្បីបង្កលក្ខណៈស្ថាបនាផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ដល់រង្វង់មូលស្ពានគីហ្ស៊ូណា

ដោយ៖ គង់ហេង
កំពង់ចាម៖ ក្រសួងសាធារណការ និងដឹកជញ្ជួន រួមជាមួយអាជ្ញាធរខេត្ត កំពង់ចាម បានសហការជំរុញ និងពន្លឿនដោះស្រាយផលប៉ះពាល់ ឱ្យបានឆាប់ ដើម្បីបង្កលក្ខណៈដល់ដំណើរការសាងសង់ផ្លូវជាតិលេខ៧ ដែលចាប់ផ្តើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់រង្វង់មូលស្ពាន គីហ្ស៊ូណា ខេត្តកំពង់ចាម នឹងបានរួចរាល់តាមផែនការកំណត់រយៈពេល ៣៨ ខែនោះ។


នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៧ និងចុះពិនិត្យឧបករណ៍ពិសោធន៍ ដី,ថ្ម,បេតុង និងដែករបស់ក្រុមហ៊ុនម៉ៅការ CRBC ដែលដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជួន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនា កំណាត់ផ្លូវជាតិមួយខ្សែនេះ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្រោយពីពិនិត្យចប់ លោក លឹម ស៊ីដេនីន បានថ្លែងថា៖ មកដល់ពេលនេះ ក្រុមហ៊ុនទទួលម៉ៅការបាន និងកំពុងចុះអនុវត្តគម្រោងដោយ សាងសង់ ស្ពានចំនួន បួន កន្លែង និងផ្លូវចំនួន ពីរ កន្លែង ដោយក្រុមបច្ចេកទេសកំពុង ពិសោធន៍ដីនិងថ្មក្រាលពីក្រោម ឲ្យគុណកំណាត់ផ្លូវជាតិលេខ៧នេះ មានគុណភាពល្អ និងត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស។

លោកបានថ្លែងបន្តថា៖ ចំពោះមុខក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការចុះពិនិត្យវឌ្ឍនភាពការសាងសង់កំណាត់ផ្លូវជាតិលេខ៧ ជាបួនគន្លងជាបន្តទៀត ។ ចំណែកផលប៉ះពាល់ជាមួយបងប្អូន ប្រជាពលរដ្ឋវិញ កន្លែងដែលត្រូវអនុវត្តន៍ជំហានដំបូងនេះ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខិតខំ ដោះស្រាយ ផលប៉ះពាល់បន្តទៀត។
ជាមួយនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមាន ប្រសាសន៍ថា៖ ក្រុមការងារ និងអាជ្ញាធរ ជំនាញពាក់ព័ន្ធ ពន្លឿនការដោះស្រាយផលប៉ះពាល់ និងជូនដំណឹងទៅតាមស្ថាប័ន និងអង្គភាពដូចជាៈ ប្រព័ន្ធខ្សែភ្លើង ,ប្រព័ន្ធខ្សែកាប និងប្រព័ន្ធទឹកស្អាត ធ្វើយ៉ាងណាជួយសម្របសម្រួលរុះរើការងារដែលសេសសល់ឲ្យហើយ ដើម្បីផ្តល់ភាពងាយដល់ក្រុមការងារការដ្ឋានសាងសង់ផ្លូវនេះ។

សូមបញ្ជាក់ថា តាមគម្រោង កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ រង្វង់មូលស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម នឹងស្ថាបនា ឲ្យរួចរាល់ក្នុងរយៈពេល ៣៨ ខែ។ ដោយផ្លូវនេះមានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ នៅតំបន់ក្រៅទីប្រជុំ ២៤ម៉ែត្រកន្លះ និងក្នុង ទីប្រជុំជន ២០ ម៉ែត្រ កន្លះ ដោយមានសួនច្បារនៅចំណុចកណ្តាលផ្លូវ៕