ព័ត៌មានជាតិ

មន្ត្រីជំនាញបើកទ្វារទឹកអាងកំពីងពួយបញ្ចៀសការជន់លិចផ្ទះពលរដ្ឋនៅប៉ែកខាងលើ

ដោយ៖សុខុម

បាត់ដំបង÷ មន្ត្រីមន្ទីរធនធានទឹកសម្រេចបើកទ្វារទឹកអាងស្តុកទឹកកំពីងពួយ​មួយភាគដើម្បីបន្ធូរកម្ពស់ទឹកបញ្ចៀសការជន់លិចលំនៅឋានប្រជាពលរដ្ឋនៅប៉ែកខាងលើ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១ ខែវិច្ឆកា ឆ្នាំ២០២៣នេះថា÷ រយ:ពេលចុងក្រោយនេះមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម បានបិទទ្វារទឹកតាមបច្ចេកទេសដើម្បីស្តុកទឹកឲ្យមានបរិមាណ ២០០លានម៉ែត្រគុប ហេតុដូចនេះទើបនាំឲ្យមានផលប៉ះពាល់ជន់លិច​លំនៅឋាន ផ្លូវថ្នល់ រួមទាំងដំណាំស្រូវមូយចំនួនផងដែរចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣មក។

លោក ស្រេង សុខា បានបញ្ជាក់បន្តថា÷ ស្របគ្នាជាមួយការបិទទ្វារទឹករក្សា​បរិមាណទឹកក្នុងកម្រិតកម្ពស់ស្តង់ដាបច្ចេកទេសបានធ្វើទឹកភ្លៀងជន់ខ្លាំង​ឡើងៗនៅជុំវិញតំបន់ជាប់មាត់អាងផ្នែកខាងលើ ទើបមន្ត្រីជំនាញ​ធនធានទឹកបានសម្រេចបើកទ្វារទឹកខ្លះឡើងវិញនៅថ្ងៃទី០១ ខែវិច្ឆកា ឆ្នាំ ២០២៣នេះដើម្បីបន្ធូរបញ្ហាទឹកជន់លិចដោយសារភ្លៀងបានធ្លាក់ជាប់ៗគ្នា​ចាប់តាំងពីដើមខែតុលាកន្លងមកនេះ។

គួររម្លឹកថា÷ ថ្មីៗកន្លងមកនេះទឹកភ្លៀងបានធ្លាក់ជោកជាំ ពិសេសនៅតំបន់​នាងឡេម តំបន់ព្រៃព្រាល និងតំបន់ជាប់គ្នាផ្សេងទៀតក្នុងភូមិសាស្ត្រ​ស្រុកបវេល ទើបបរិមាណទឹកបានហូរស្រុងចុះមកផ្នែកខាងក្រោម​ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយបានជន់លិចផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ២៧១ខ្នង និងបាន​ប៉ះពាល់លិចផ្លូវថ្នល់ ដំណាំស្រូវ ដំណាំរួមផ្សំជាង ១០០ហិកតាផ្សេងទៀត៕