សន្ដិសុខសង្គម

បញ្ជូនគ្រូពេទ្យឆ្មបម្នាក់ទៅតុលាការក្រោយពីរំលូតកូនបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់

ដោយ:សុខុម
បាត់ដំបង÷ សមត្ថកិច្ចនគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបញ្ជូនសំណុំរឿងគ្រូពេទ្យឆ្មបម្នាក់ទៅតុលាការ​ក្រោយពីរំលូតកូនឱ្យស្ត្រីម្នាក់មិនជោគជ័យគឺស្លាប់កូនក្នុងពោះស្លាប់ទាំង​ម្ដាយ។ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរពេទ្យឆ្មបមធ្យម។រីឯស្ត្រីរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ អាយុ ៣៦ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រូពេទ្យម្នាក់រំលូតកូនស្លាប់ទាំងម្ដាយ​បានកើតឡើងតាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣កន្លងមក។ដោយគ្រូពេទ្យបានព្រមព្រៀងគ្នារំលូតកូនឲ្យស្ត្រីរងគ្រោះមានគភ៌ ៥ខែ។ នៅពេលរំលូតកូននោះជនរងគ្រោះឈឺចាប់ខ្លាំង និងរងរបួសធ្ងន់ធ្ងរ​ហួសកម្រិត​រហូតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ក្រោយមកស្ត្រី​ជនរងគ្រោះក៏បានស្លាប់នៅថ្ងៃទី២៩ ខែតុលា៕