ព័ត៌មានជាតិ

ជួសជុលឡើងវិញ ផ្លូវប្រវែងជាង៥០គីឡូម៉ែត្រ ដែលខូចខាតដោយជំនន់ទឹកភ្លៀង

ដោយ៖វិចិត្រ
ព្រះវិហារ៖មន្ទីរសាធារណការខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា បានបន្តជួសជុល និងផ្តើមថែទាំឡើងវិញ កំណាត់ផ្លូវប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ព្រំដែនឡាវ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងកន្លងមក។

មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ក្រុមការងារផ្នែកថែទាំផ្លូវថ្នល់បានបន្តសកម្មភាពជួសជុល និងផ្តើមថែទាំ កំណាត់ផ្លូវជាតិលេខ៩៤ប្រវែង៥៤,៩០គីឡូម៉ែត្រ។ផ្លូវនេះចាប់ពីឧទ្យានជាតិ តេជោសែនឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅ១ ព្រំប្រទល់កម្ពុជា-ឡាវ។

ការងារត្រូវបានចាក់ថែមដីល្បាយថ្ម រួចកៀរសម្រួលកិនបង្ហាប់ដើម្បីឱ្យ ពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។កំណាត់ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ទីរួមស្រុកឆែប ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូ ទេសចរណ៍ជាប់ព្រំដែនកម្ពុជា-ឡាវ៕