អន្តរជាតិ

ចិនប្រកាសអាសន្ន ក្រោយកប៉ាល់អាមេរិក និងកាណាដាឆ្លងច្រកសមុទ្រតៃវ៉ាន់

ប្រែសម្រួល៖ សហការី

ប៉េកាំង៖ ប្រទេសចិនបានធ្វើសេចក្តីថ្លែងការកាលពីថ្ងៃព្រហស្បតិ៍ ០២ វិច្ឆិកា ថា នៅក្រោយពេលដែលមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងកាណាដាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កងទ័ពរបស់ខ្លួនកំពុង “ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច” ចិនបានបញ្ជាក់ថាគឺជាការធ្វើនាវាចរណ៍ឆ្លងកាត់រួមគ្នាជាលើកទីពីររបស់ពួកគេនៅក្នុងរយៈពេលពីរខែកន្លងមក។

កាលពីថ្ងៃពុធ កងទ័ពជើងទឹកអាមេរិកបាននិយាយថាគឺជា “ទម្លាប់” សម្រាប់អាមេរិកក្នុងការធ្វើនាវាចរណ៍ជាមួយនឹងនាវា USS Rafael Peralta និងនាវាពិឃាត Arleigh Burke-class និងនាវាចម្បាំង Halifax-class HMCS Ottawa របស់ Royal Navy ដែលជាការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រកាលពីថ្ងៃពុធនេះ។

អ្នកនាំពាក្យនៃទីបញ្ជាការកងទ័ពភូមិភាគខាងកើតរបស់ប្រទេសចិនលោកវរសេនីយ៍ឯក Shi Yi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពចិននៅតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារដ៏ម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់”។

លោកវរសេនីយ៍ឯក Shi Yiបានរិះគន់ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចុងក្រោយនេះថាជា “ការបំផ្លើស” ហើយបាននិយាយថា កងកម្លាំងជើងទឹក និង កងទ័ពអាកាសរបស់ខ្លួន “បានតាមដានពីក្រោយពួកគេ” ។

ការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះកើតឡើងនៅបន្ទាប់ពីនាវាចម្បាំងពីរគ្រឿងដែលជាកម្មសិទ្ធិរបស់អាមេរិក និងកាណាដាបានបើកឆ្លងកាត់ផ្លូវទឹកដ៏តូចចង្អៀតដែលបែងចែករវាងកោះតៃវ៉ាន់និងចិនដីគោកកាលពីថ្ងៃទី ៩ ខែកញ្ញា។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានបង្កើនការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីរក្សា “សេរីភាពនៃការធ្វើនាវាចរណ៍” ដោយកងនាវាចម្បាំងរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ដើម្បីពង្រឹងផ្លូវទឹកទាំងពីរដែលជាផ្លូវទឹកអន្តរជាតិជាហេតុធ្វើឲ្យទីក្រុងប៉េកាំងមានការខឹងសម្បាយ៉ាងខ្លាំង។

កងនាវាចរណ៍ទីប្រាំពីរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការឆ្លងកាត់ត្រូវបានធ្វើឡើងស្របតាមច្បាប់អន្តរជាតិ និង “តាមច្រករបៀងមួយនៅក្នុងច្រកសមុទ្រដែលឆ្ងាយពីដែនសមុទ្រនៃដែនដីរបស់រដ្ឋដែលពាក់ព័ន្ធនាៗ” ។

“កិច្ចសហប្រតិបត្តិការនេះគឺជាចំណុចស្នូលនៃយុទ្ធសាស្រ្តរបស់កងទ័ពយើងក្នុងការធ្វើនាវាចរណ៏ទៅកាន់តំបន់ដែលមានសុវត្ថិភាព និងវិបុលភាព ដែលយន្តហោះ និងកប៉ាល់របស់ប្រទេសទាំងអស់អាចហោះហើរ ធ្វើដំណើរ និងប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលស្ថិតនៅក្នុងយុទ្ធតាធិការច្បាប់អន្តរជាតិ”។

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាខ្លួនកំពុងតាមដានការធ្វើនាវាចរណ៏ឆ្លងកាត់ច្រកសមុទ្រនៅយប់ថ្ងៃពុធដោយបានអះអាងថា “ស្ថានការល្អប្រសើរជាធម្មតា” ។

ប្រទេសចិនដែលជាអ្នកអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួនហើយត្រូវតែដណ្តើមយកវិញនៅក្នុងថ្ងៃណាមួយនោះ បានបង្កើនការដាក់សម្ពាធផ្នែកយោធា និងនយោបាយមកលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ខណៈដែលទំនាក់ទំនងរវាងកោះនេះនិងរដ្ឋចិនបានធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីខែកញ្ញា ចិនបានបញ្ជូនយន្តហោះចំនួន ១០៣ គ្រឿងហោះព័ទ្ធជុំវិញកោះតៃវ៉ាន់នៅក្នុងរយៈពេល ២៤ ម៉ោង ដែលតៃប៉ិបានថ្លែងថាជាការដាក់សម្ពាធផ្នែកយោធាក្នុង “កម្រិតខ្ពស់នាពេលថ្មីៗនេះ” ៕

ប្រភព៖ AFP