ព័ត៌មានជាតិ

ក្រុងពាលីទូកងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី”មុនចេញប្រកួត

ដោយ៖វិចិត្រ

ព្រះវិហារ៖ទូក ងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី” ត្រូវបានរៀបចំពិធីក្រុងពាលី មុនចេញប្រកួតថា្នក់តំបន់នាថ្ងៃទី១៨-១៩ ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។

ព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសប្បាយ និងជ័យជម្នះដល់ទូក ង “ឈ្មោះតំបន់សឹកសែនជ័យ បារមីលោកតាឌី”។ ជាមួយនោះសុំម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាទឹកដីជួយ ប្រោះព្រំដល់ក្រុមកីឡាករទូក ងទាំងអស់ដែលបានចូលរួមប្រកួត នៅបឹងទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ពិធីក្រុងពាលីនេះធ្វើឡើង ក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងចូលរួមដោយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៏ទោ មេបញ្ជាការបានផ្ដល់កម្លាំងចិត្ត និងណែនាំដល់ចំណុះទូកទាំងអស់ ពេលប្រកួតសូមសហការគ្នាឱ្យបានល្អ រក្សាសាមគ្គីភាព ផ្ដល់សេចក្ដីស្រឡាញ់ ស្នាមញញឹមដើម្បីឱ្យក្រុមកីឡាករ របស់យើងដែលកើតពីកងយោធពលខេមរភូមិន្ទ គឺកម្លាំងតំបន់ប្រតិបត្តិការរងខេត្តព្រះវិហារតែម្ដង៕