សន្ដិសុខសង្គម

ក្មេងអាយុ១២ឆ្នាំជិះម៉ូតូបុកបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ដោយ:សុខុម
ស្ទឹងត្រែង: បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍ក្មេងជិះម៉ូតូបុកម៉ូតូ កាលពីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខាងកើតស្ពានលេខ៦ ផ្លូវជាតិលេខ៩ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរបង្កឈ្មោះ ចាន់ថា នីតា ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅចំណុចទួលខ្ពស់ ភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ បើកបរម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1C.០៧៧២ ក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកសង់សេ១២៥​ពណ៌ខ្មៅផ្លាកលេខស្ទឹងត្រែង១C៧០៨៤ទិសដៅពីកើតលិចហើយបត់ឆ្វេង​បើកបរដោយឈ្មោះហ៊ុន ប្រុស ភេទប្រុស​​ ​អាយុ៥៤ឆ្នាំ​មុខរបរកសិករ​ជនជាតិខ្មែរ ទីលំភូមិវាលដេញ​ឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែង។


ករណីនេះឈ្មោះហ៊ុន ប្រុសបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ រីឯ ភាគីម្ខាងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន​ភូមិវាលដេញ និងបញ្ជូនបន្តទៅពេទ្យសៀមរាប។គ្រោះថ្នាក់កើតឡើង​ដោយសារការបើកបរមិនគោរពសិទ្ធិផ្លូវអាទិភាព ខ្វះការប្រុងប្រយ័ត្ន។


សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូចំនួន ២ គ្រឿង ត្រូវបានយកមករក្សាទុកនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ជ្រៃ៕