សន្ដិសុខសង្គម

អាជ្ញាធរខេត្តស្ទឹងត្រែងលើកឡើងពីល្បែងស៊ីសងគ្រប់ប្រភេទមិនទាន់មានវិធានការបង្រ្កាប

ដោយ:សុខុម
ស្ទឹងត្រែង៖ល្បែងស៊ីសងគ្រប់ប្រភេទដូចជាការដាក់ភ្នាល់ឆ្នោតឡូតូយូគីតាមកញ្ចក់ទូរទស្សន៍ onlineក្នុងទីប្រជុំជនក្រុងស្ទឹងត្រែង​និងតាមបណ្ដាស្រុក​រួមទាំងល្បែងបញ្ជល់មាន់នៅតាមចម្ការស្វាយចន្ទី រហូតមកដល់​ពេលនេះសមត្ថកិច្ចមិនទាន់ចាត់វិធានការបង្ក្រាបនៅឡើយ។


គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានជំរុញសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយ និងពង្រឹង​ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។ ត្រូវសហការរួមគ្នា ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសង ដើម្បីធានាមិនឱ្យ​កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះជាដាច់ខាត។


លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបាននិយាយនៅក្នុង​អង្គប្រជុំចុងខែតុលាថា បញ្ហាល្បែងស៊ីសងនៅមូលដ្ឋាន នឹងបង្កឲ្យមានភាព​អសន្តិសុខ អសុវត្ថិភាព និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ ដូចនេះ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការ​គ្នាចុះតាមដានត្រួតពិនិត្យ និងបង្ក្រាបជាបន្ទាន់ ដើម្បីធានាថាទីតាំង​មុខសញ្ញា ដែលប្រព្រឹត្តបទល្មើសល្បែងភ្នាល់មាន់ ល្បែងស៊ីសងអនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ មិនឱ្យកើតមានឡើងសាជាថ្មី ឬលួចលាក់​លេងជាថ្មីបន្ថែមទៀត នៅក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួនតទៅ​ទៀតទេ។


ក្រោយពីអាជ្ញាធរដាក់វិធានការដ៏តឹងរុឹងមក សមត្ថកិច្ចហាក់មិនទាន់បញ្ចេញ​កណ្ដាប់ដៃបង្ក្រាបល្បែងស៊ីសងធំៗក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងនៅឡើយ។ជាពិសេសនោះ នៅបន្តឲ្យដំណើរការល្បែងស៊ីសងតាមកញ្ចក់ទូរទស្សន៍​និងល្បែងជល់មាន់បៀអាប៉ោងចល័តនៅតាមព្រៃចម្ការជាដើម។


របាយការណ៍ប្រចាំខែតុលាមើលឃើញថាវិធានការមិនទាន់បានអនុវត្តមុឹង​ម៉ាត់នៅឡើយ។

អាជ្ញាធរមូលដ្ឋាន បានអនុវត្តគោលនយោបាយ​ភូមិ-ឃុំ-សង្កាត់មាន​សុវត្ថិភាព តាមរយៈការធ្វើការផ្សព្វផ្សាយគោលនយោបាយបាន ១៧២លើក, បានធ្វើវេទិកាសាធារណៈ ១៣២លើក មានប្រជាពលរដ្ឋចូលរួមចំនួន ៥៣៩៧នាក់ និងបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឃាត់ខ្លួនអ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់ ០៧នាក់ ស្រី ០៥នាក់ និងវត្ថុតាង ព្រមទាំងកម្លាំង​ជំនាញបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់លេងល្បែងស៊ីសង ឱ្យត្រឡប់ទៅផ្ទះវិញ៕