សន្ដិសុខសង្គម

អគ្គិភ័យលេបត្របាក់ការ៉ាស់ជួសជុលរថយន្ដដ៏ធំមួយឆេះទាំងរថយន្តទំនើបៗសរុប៦គ្រឿង

ដោយ:សុខុម
កំពង់ស្ពឺ:ការ៉ាស់ជួសជុលរថយន្តដ៏ធំមួយកន្លែងនៅចំណុចភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​រងការឆាបឆេះបង្កឲ្យមានការ​ភ្ញាក់ផ្អើលពេលម្ចាស់កំពុងតែលង់លក់កាលពីវេលាម៉ោង១២នឹង៤៥នាទីយប់ឈានចូលថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យឆេះការ៉ាស់ជួសជុលរថយន្ដ​ទំហំ២០ម៉ែត្រគុណ៣៤ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសី។ ម្ចាស់ឈ្មោះមុយ ចាន់ណារី ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឪ ស្រីនោ អាយុ៣៩ឆ្នាំ នៅភូមិកើតហេតុ ។


ក្រោយពីមានហេតុការណ៍អាក្រក់​កើតឡើង​សមត្ថកិច្ចបានចេញរថយន្ត​អន្តរាគមន៍។ប៉ុន្តែដោយសារទំហំអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក​ទើបបណ្ដាលឲ្យឆេះរថយន្តក្នុងការ៉ាស់ចំនួន៦គ្រឿង។ក្នុងនោះរួមមាន
រថយន្ដLexus ៤៧០មួយគ្រឿង(ឆេះទាំងស្រុង)រថយន្ដ Ford Ranger pickup ពីរគ្រឿង(ឆេះទាំងស្រុង) រថយន្ដLand Cruiser ពីរគ្រឿង(ឆេះទាំងស្រុង)
រថយន្ដការ៉េមួយគ្រឿង (ឆេះមួយផ្នែកខាងស្ដាំ) សរុបរថយន្ដ​​៦គ្រឿង។
ក្រៅពីនេះឆេះរថយន្តដែលគេយកទៅជួសជុលក៏បានបង្កឲ្យខូចខាតបង់អស់សម្ភារប្រើប្រាស់ក្នុងរថយន្ដមួយចំនួន។


សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការសាកសួរពីម្ចាស់ការ៉ាស់​ដើមហេតុ​បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីក្នុងរថយន្ដ ទើបណ្ដាលឲ្យឆេះ។ប៉ុន្តែអ្នកខ្លះ​សង្ស័យ​មកពីមូលហេតុផ្សេង។


ប្រតិបត្តិការទាំងយប់ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង (ការិយាល័យអគ្គិភ័យពីរគ្រឿង ស្រុកសំរោងទងមួយគ្រឿង ក្រុងច្បារមនមួយគ្រឿង ស្រុកភ្នំស្រួច១គ្រឿង និងអាវុធហត្ថមួយគ្រឿង) ប្រើប្រាស់ទឹកអស់៧រថយន្ដ។ហេតុការណ៍អគិ្គភ័យខាង​លើមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ៕