ព័ត៌មានជាតិ

ស្ពានបេតុងដែលបាក់នៅឃុំទួលសំបួរស្រុកស្ទឹងត្រង់រដ្ឋបាលខេត្តសម្រេចស្ថាបនាស្ពានបាឡេត៍ឆ្លងកាត់ជាបណ្តោះអាសន្ន

ដោយ៖ គង់ហេង
កំពង់ចាម៖ ស្ពានបេតុងដែលបានបាក់កាលពីពាក់កណ្តាលអធ្រាត្រ​ឈានចូល​​​ថ្ងៃទី ២៨ តុលា កន្លងទៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ រដ្ឋបាលខេត្តកំពង់ចាមបានសម្រេចសាងសង់ ជាស្ពានដែកបាឡេត៍ ជូនប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្នសិន។ នេះបើតាមបញ្ជាក់ឱ្យដឹង​ពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅក្នុងផេកហ្វេសបុកផ្លូវការរបស់លោក​នៅប៉ុន្មាននាទីមុននាថ្ងៃទី ១ វិច្ឆិកានេះ។


លោកអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា៖ ស្ពានដែលជាបាឡេត៍នេះ​បានការជួយឧបត្ថម្ភពីលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានខាង​នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិជាអ្នកស្ថាបនាសាងសង់ ដែលនឹងសាងសង់រយៈពេលប្រមាណ មួយសប្តាហ៍ រួចរាល់អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋឆ្លងកាត់ធ្វើដំណើរទៅមកបានហើយ។


លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់បានឱ្យដឹងនៅថ្ងៃទី ១ វិច្ឆិកានេះ​ដែរ​​ថា៖ ស្ពានបេតុងមានទំហំទទឹង បួន ម៉ែត្រ និងបណ្តោយជាង ១០ ម៉ែត្រឈ្មោះ«ត្រដក់ពង»ដែលស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្រុកស្ទឹង បានបាក់​កាលពីយប់ថ្ងៃទី២៧-២៨ តុលា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃ​ជាប់គ្នា។ ឥឡូវរដ្ឋបាលខេត្តសម្រេចសាងសង់ជាស្ពានបាឡេត៍ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នសិន៕