សន្ដិសុខសង្គម

សមត្ថកិច្ចជំនាញបញ្ជូនសំណុំរឿងមេឈ្មួញដឹកឈើម្នាក់ទៅតុលាការ

ដោយ:សុខុម
ស្ទឹងត្រែង:មកដល់ត្រឹមថ្ងៃទី ៣១ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចបង្ក្រាប បានរថយន្តដឹកឈើចំនួន ៣គ្រឿងរបស់មេឈ្មួញជើងខ្លាំងម្នាក់ ហើយបាន បញ្ជូនសំណុំរឿងទៅតុលាការផងដែរ។


សមត្ថកិច្ចបានឲ្យដឹងថា បង្ក្រាបលើកទីមួយលើស្ពានមេគង្គខេត្តស្ទឹងត្រែង។បង្ក្រាបលើកទី២នៅស្រុកចិត្របុរី ខេត្តក្រចេះ និងលើកទី៣ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។


សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងដករហូតរថយន្តពីរគ្រឿងនិងឈើ តាត្រាវមួយចំនួនព្រមទាំងឃាត់ខ្លួនអ្នកស៊ីឈ្នួលម្នាក់ឈ្មោះឡិកភឿង ហៅតាបារាំង។ករណីទី ២សមត្ថកិច្ចខេត្តក្រចេះបង្ក្រាបបានរថយន្តដឹកឈើ មួយគ្រឿងប្រភេទឈើឈ្លីក។


យោងតាមការឆ្លើយរបស់ឈ្មោះឡិកភឿងបាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលឲ្យទៅឈ្មោះឡេង ដែលមានរថយន្តពីរគ្រឿង ដឹកជញ្ជូនកន្លងមក។

រាល់ការដឹកជញ្ជូនប្រមូលឈើចេញពីរោងសិប្បកម្មឈ្មោះណាតនៅស្រុកសៀមប៉ាង ដោយស៊ីឈ្នួលក្នុងមួយជើងតម្លៃ៨ម៉ឺនរៀល។


ក្រោយពីមានការបង្ក្រាបជាបន្តបន្ទាប់និងឃាត់ខ្លួនអ្នកស៊ីឈ្នួលម្នាក់ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានកសាងសំណុំរឿងធ្វើការចោទ​ប្រកាន់តាមច្បាប់ព្រៃឈើបញ្ជូនទៅតុលាការ។ដោយយោងតាមការឆ្លើយ​សារភាពរបស់អ្នកស៊ីឈ្នួលក្រោយពីមានការចោទប្រកាន់ឈ្មោះឡេងដែលជាមេឈ្មួញដ៏ល្បីម្នាក់មកដល់ព្រឹកថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ ២០២៣​ឈ្មោះឡេង​នៅពុំទាន់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅឡើយ៕