ព័ត៌មានជាតិ

ពូជស្រូវOM.៥៤.៥១ដែលរាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋជាពូជល្អបំផុត ផ្តល់ទិន្នផលខ្ពស់និងប្រើពេលខ្លី

ដោយ៖គង់ហេង
កំពង់ចាម៖ ពូជស្រូវប្រភេទ OM (អូអ៊ឹម)54-51 ដែលរាជរដ្ឋាភិបាលបាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ដើម្បីយកទៅដាំដុះធ្វើការស្តារឡើងវិញ គឺជាប្រភេទពូជល្អបំផុត ធានាស្ទើរ ១០០ភាគរយ ផ្តល់ទិន្នផលខ្ពស់ និងប្រើប្រាស់ពេលផលិតខ្លី។

នេះជាការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី ៣១ តុលាម្សិលមិញ។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងទៀតថា៖ នេះជាអំណោយពូជស្រូវ ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ជូនដល់ប្រជាកសិករចំនួនជាង ៣០០ គ្រួសារ គឺស្រុកស្ទឹងត្រង់ចំនួន ២៨៧ គ្រួសារ និងស្រុកជើងព្រៃចំនួន ៣៧ គ្រួសារ ដោយក្នុងមួយគ្រួសារបានចំនួន ១០០ គីឡូក្រាម ដើម្បីធ្វើការស្តារឡើងវិញ ក្រោយពីរងផលប៉ះពាល់ដោយទឹកជំនន់នាពេលកន្លងមក។


លោកបានបន្ថែមថា៖ ជាពិសេសពូជស្រូវដែលបានចេញជូន បងប្អូន ប្រជាពលរដ្ឋយកទៅសម្រាប់ដាំដុះឡើងវិញនេះ ប្រសិនបើទីតាំង ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅពុំទាន់ដាំដុះបានទេនោះ សូមរក្សាពូជនេះទុក ដើម្បីត្រៀមលក្ខណៈធ្វើស្រូវប្រដេញទឹក នាពេលខាងមុខនេះ។ ដោយសារពូជស្រូវOM.៥៤.៥១ ជាប្រភេទ ពូជល្អដែលបានឆ្លងកាត់ការពិសោធន៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរយៈពេល ពីរ ឆ្នាំ គឺជាប្រភេទពូជស្រូវដែលមានគុណភាព ផ្តល់ការធានាសម្រាប់ការផលិតដាំដុះ។

លោកបានបន្តថា៖ ដោយពូជនេះ(OM.៥៤.៥១)អត្រាភាគរយ នៃការខូចខាត​បាត់បង់តិចបំផុត គឺប្រមាណ ២ ភាគរយប៉ុណ្ណោះ និងនៅល្អ ៩៨ ភាគរយ និងប្រើប្រាស់រយៈពេលប្រមាណជាង ៩០ថ្ងៃ។ ជាក់ស្តែងកាលពីឆ្នាំ ២០២២ កន្លងទៅខេត្តកំពង់ចាមប្រជាពលរដ្ឋបានទទួលពូជស្រូវនេះជាង មួយម៉ឺន គ្រួសារ គឺក្រោយពីទទួលបានពូជស្រូវយកទៅដាំដុះ ព័ត៌មានត្រឡប់មកវិញ​ពូជស្រូវនេះពិតជាល្អ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងដូចខាងលើ​នៅក្នុងដែលលោក និងលោកអ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំមន្រ្តីពាក់ព័ន្ធចុះសំណេះសំណាល និងចែកស្រូវពូជអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋស្រុកស្ទឺងត្រង់ និងស្រុកជើងព្រៃចំនួនជាង៣០០ គ្រួសារ ដែលពិធីនេះបានរៀបចំឡើងនៅ​សាលា​ស្រុកស្ទឹងត្រង់កាលពីថ្ងៃទី ៣១ តុលាម្សិលមិញ៕