សន្ដិសុខសង្គម

ផ្អើលឃើញសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត

ដោយ:សុខុម
កំពង់ស្ពឺ:អ្នកដើររើសអេតចាយបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងព្រែកត្នោតមកទើរនៅគល់ស្ពានថ្មី ស្ថិតក្នុងភូមិត្រស់សាលា​សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧និង៥៧​នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។


សមត្ថកិច្ចបានស្រង់សាកសពដែលអណ្តែក្នុងស្ទឹងព្រែកត្នោនេះយកមក​ពិនិត្យមើលហើយក៏បានស្គាល់អត្តសញ្ញាណហើយដែរ។


បើតាមសម្តីស្ត្រីឈ្មោះ កន សុផល អាយុ៣២ឆ្នាំ​រស់នៅភូមិស្គុះសង្កាត់​ស្វាយក្រវ៉ាន់ ក្រុងច្បារមន បាននិយាយថា​សាកសពដែលពលរដ្ឋប្រទះ​ឃើញ​គឺជាសពឪពុកគាត់មានឈ្មោះ សឹម កន អាយុ៥៤ឆ្នាំ។


ស្ត្រីខាងលើបានបន្តទៀតថា ឪពុករបស់គាត់ទំនងជាដើរវង្វេងចេញពីផ្ទះ​តាំងពីថ្ងៃទី២០ខែតុលាឆ្នាំមកម៉្លេះ ហើយពួកគាត់បាននាំគ្នាដើរករហូត​មកដល់​នេះរយះពេល១២ថ្ងៃទើបឃើញសាកសព។

មន្ត្រីជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានពិនិត្យសាកសពខាងលើនេះ សពបុរសនោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន​មិនមានពាក់ព័ន្ធករណីឃាតកម្មឡើយ៕