សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នា៣នាក់លឿនជ្រុលបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវស្លាប់២នាក់,របួសធ្ងន់ម្នាក់

ដោយៈសុខុម
ភ្នំពេញ៖ បុរស២នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ពេលជិះម៉ូតូឌុបគ្នា បុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅទល់មុខពេទ្យកុមារជាតិ ក្នុងសង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មនុស្ស៣នាក់ជិះម៉ូតូឌុបគ្នាតាម មហាវិថីសហព័ន្ធរុស្សី ទល់មុខមន្ទីរពេទ្យកុមារជាតិ ជ្រុលទៅបុក ខឿនរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់២ រងរបួសធ្ងន់១នាក់។

សពជនរងគ្រោះទី១ មានឈ្មោះ ធេ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការ ក្នុងហាង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្បែរផ្សារសំណង់១២ ក្នុងខណ្ឌ ទួលគោក មានស្រុកកំណើតនៅខេត្តកណ្តាល។ សពជនរងគ្រោះទី២ មានឈ្មោះ ទីន អាយុ១៩ឆ្នាំ មុខរបរធ្វើការក្នុងហាងនំបុ័ងមួយកន្លែង មានស្រុកកំណើត នៅខេត្តកណ្តាល។ ចំណែកជនរងគ្រោះម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណកំពុងតែសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យរុស្ស៊ី (នៅរស់)។
ម៉ូតូជនរងគ្រោះជិះមានម៉ាក Suzuki Next ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1GP-3293 បានខ្ទាតទៅដល់ចុងទ្រូងផ្លូវ ប្រមាណ២០ម៉ែត្រ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងយកម៉ូតូ​ទៅរក្សាទុក៕