សន្ដិសុខសង្គម

ចាប់បាននគរបាលបើករថយន្តបុកមន្ត្រីនគរបាលចរាចរណ៍ឱ្យរងរបួសធ្ងន់

ដោយ៖វិចិត្រ
ស្វាយរៀង៖ក្រោយពីនគរបាលម្នាក់បើករថយន្ត បុកមន្ត្រីនគរបាល ចរាចរណ៍ឱ្យរងរបួសធ្ងន់ហើយបើករត់ កម្លាំងជំនាញក៏ស្រាវជ្រាវចាប់បាន កាលពីថ្ងៃទី៣១ ខែតុលា។ ករណីបង្កគ្រោះថ្នាក់ចរាចរនេះ បានកើតឡើង នៅតាមផ្លូវជាតិលេខ១ ភូមិបាក់របាស់ សង្កាត់សង្ឃ័រ ក្រុង/ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែតុលា។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ មានមន្ត្រីនគរបាលម្នាក់កំពុងឈរ បំពេញការងារនៅចិញ្ចើមផ្លូវ។ពេលនោះស្រាប់តែមានរថយន្តម៉ាក តូយូតាព្រូសពណ៌ស ផ្លាកលេខភ្នំពេញ2BR 5841 បើកយ៉ាងលឿនឡើង ខឿនផ្លូវ បុកមន្ត្រីនគរបាលរូបនោះពេញទំហឹង ប៉ើងជាច្រើនម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ហើយរថយន្តក៏បើករត់បាត់។បន្ទាប់មកសមត្ថកិច្ចជំនាញបានស្រាវ ជ្រាវ តាមចាប់បានទាំងតៃកុងនិងរថយន្ត។

គួរបញ្ជាក់ថា ជនរងគ្រោះលោកអនុសេនីយ៍ឯក នាង សុខនរ៉ា នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នគរបាលក្រុងស្វាយរៀង។ រងរបួសធ្ងន់ធ្ងរដោយបាក់ឆ្អឹងជំនីរ បាក់ឆ្អឹងដងកាំបិត បាក់ដៃម្ខាង ដាច់ជង្គង់ទាំងសងខាង បាក់ថ្គាម និងពកក្បាល។ចំណែកជនសង្ស័យឈ្មោះ ប្រាក់ ឯមសារ៉ាវុធ អាយុ២៩ឆ្នាំ ជានគរបាលផ្នែកអន្តរាគមន៍ក្រុងស្វាយរៀង ជាកូនមន្ត្រីគយម្នាក់ នៅភូមិរោងបន្លែ ក្រុង/ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើករថយន្តបុកមន្ត្រីនគរបាល​ចរាចរណ៍នោះ គេសង្ស័យផ្តើមចេញពីគំនុំ ហើយជនបង្កបានប្រព្រឹត្ត​បែបនេះអាចជាអំពើប៉ុនប៉ងធ្វើឃាត។ប៉ុន្តែទោះយ៉ាងណា​សមត្ថកិច្ចកំពុង​សាកសួរ ហើយកសាងសំណុំរឿងតាមនីតិវិធី និងបើកការស៊ើបអង្កេតបន្ត​ទៀត៕