សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៧នាក់ ករណីប្រើដាវកាប់ចាក់គ្នា និងបំផ្លាញម៉ូតូទៅតុលាការ

ដោយ៖វិចិត្រ
បន្ទាយមានជ័យ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ៧នាក់ ករណីប្រើ ដាវកាប់ចាក់គ្នានិងវាយបំផ្លាញម៉ូតូ នៅសួនកណ្តាលក្រុងសិរីសោភ័ណ និងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលាថា កម្លាំងនគរបាលខេត្ត ជាមួយនគរបាលក្រុងសិរីសោភ័ណ បានសហការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន៧នាក់ ពីបទប្រើដាវកាប់ចាក់គ្នានិងវាយបំផ្លាញម៉ូតូ២គ្រឿង របស់ជនរងគ្រោះ។ហេតុការណ៍នេះនៅម្តុំសួនមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី៣០ ខែតុលា។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យទាំង៧នាក់-ឈ្មោះ សួនអិតនិមិត្ត-ឈ្មោះ គូយ៉ា-ឈ្មោះ អុលសំណាង-ឈ្មោះ ជាល វិចិត្ត-ឈ្មោះ តឹកជាហេង-ឈ្មោះ មិលសំណាង និងឈ្មោះ ផាត់ លីហុង។ពួកគេមានអាយុពី១៤ដល់ ១៦ឆ្នាំ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ដាវមួយនិងផ្លាកលេខម៉ូតូរបស់ ជនរងគ្រោះ ពាក់ព័ន្ធក្នុងករណីហិង្សានេះ និងធ្វើឱ្យខូចខាតទ្រព្យអ្នកផ្សេង ទៀត។នៅថ្ងៃទី៣១ ខែតុលានេះកម្លាំងនគរបាលជំនាញកំពុងបន្តនីតិវិធី ដោយត្រៀមបញ្ជូនក្រុមជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់៕