សន្ដិសុខសង្គម

ដាក់គុកចិន១០នាក់បណ្តោះអាសន្ន សង្ស័យថតរឿងស៊ិចក្នុងសណ្ឋាគារ

ដោយ៖វិចិត្រ
ភ្នំពេញ៖តុលាការភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែតុលានេះសម្រេចដាក់ពន្ធនាគារ ព្រៃស លើជនជាតិចិន១០នាក់ជាបណ្តោះអាសន្នពីបទសង្ស័យថតរឿងស៊ិច ក្នុងសណ្ឋាគារមួយ។

អ្នកនាំពាក្យតុលាការភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែតុលាបានឱ្យដឹងថា សំណុំរឿងខាងលើនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ-រូបភាពនិង សម្ភារ អាសអាភាស តាមមាត្រា២៧ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៤ ខែតុលាកន្លងទៅ នៅផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង កម្លាំងនាយកដ្ឋាន នគរបាលក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែង។ក្នុងនោះបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដោយសង្ស័យពាក់ព័ន្ធ ផលិតរឿងស៊ិច អាសអាភាស។

មុនកើតហេតុ មានស្ត្រីខ្មែររងគ្រោះ២នាក់ បានដាក់ពាក្យបណ្តឹងនៅ ក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ជនជាតិចិនមួយក្រុមថា បានយកពួក នាងទៅថត និងផលិតជាវីដេអូរឿងស៊ិចក្តៅសាច់ បែបអាសអាភាស ក្នុងបន្ទប់ជាន់ទី៩ នៃអគារខាងលើ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចឃុំខ្លួន ក្រុមត្រូវចោទដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន៕