សន្ដិសុខសង្គម

ចាញ់បោកគេអស់$៣០០ គូដណ្ដឹងស្ដីបន្ទោស ចងកសម្លាប់ខ្លួនខណៈជិតចូលរោងការ

ដោយ៖វិចិត្រ
ភ្នំពេញ៖ស្ត្រីម្នាក់ខឹងគូដណ្ដឹងស្ដីបន្ទោស ករណីចាញ់បោកគេអស់លុយ ចំនូន៣០០ដុល្លារ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ខណៈទាំង២នាក់ជិត ចូលរោងការ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែតុលា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីធ្វើអត្តឃាតឈ្មោះ ហាក់ ឌីណា អាយុ ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ ស្នាក់នៅបន្ទប់ជួលជាមួយគូដណ្តឹង ក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ បុរសជាគូដណ្តឹងបានប្រាប់សមត្ថកិច្ចថា “មុនកើតហេតុ ខ្លួនបានទាស់សម្ដីគ្នាបន្តិចបន្តួចជាមួយគូដណ្តឹង រឿងនាង ចាញ់បោកគេអស់លុយ៣០០ដុល្លារ”។

បន្ទាប់មកខ្លួនក៏បានចេញទៅធ្វើការ ចំណែកនាងមិនបានទៅណាទេ ដោយនៅក្នុងបន្ទប់តែម្នាក់ឯង។បុរសរូបនោះបានបន្តថា លុះដល់ពេលល្ងាច ខ្លួនបានចេញពីធ្វើការត្រឡប់មកវិញ បានគោះទ្វារបន្ទប់មិនឃើញនាង បើកទ្វារ។ ពេលនោះខ្លួនសម្រេចចិត្តធាក់ទ្វារចូលស្រាប់តែឃើញ គូដណ្តឹងបានយកអាវចងក ភ្ជាប់ជាមួយស្នួរដែកដាក់សម្លៀក បំពាក់ស្លាប់បាត់ទៅហើយ។

ក្រោយមកនគរបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ បានទំនាក់ទំនងទៅ នគរបាលរាជធានីភ្នំពេញផ្នែកកោសល្យវិច័យ ឱ្យចុះមកពិនិត្យដោយបាន បញ្ជាក់ថា នាងពិតជាចងកសម្លាប់ខ្លួនមែន ហើយក៏បានប្រគល់សពឱ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ៕