សន្ដិសុខសង្គម

ក្រសួងព័ត៌មាននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះប្រព័ន្ធផ្សព្វផ្សាយមិនគោរពច្បាប់

ដោយ៖រតនា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យក្រសួង ព័ត៌មានសម្រេចលុបចោលអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មានទាំងឡាយណាដែលបានចុះបញ្ជីហើយ មិនបានដំណើរការរយៈពេលមួយឆ្នាំ។


មន្រ្តីក្រសួងព័ត៌មានក៏បានឲ្យដឹងដែរថា ដោយឡែកសម្រាប់ស្ថានីយ ទូរទស្សន៍គ្រប់ប្រភេទវិញ គឺក្រសួងទុកលទ្ធភាពឲ្យក្នុងរយៈពេល៣ឆ្នាំ ដោយសារតែស្ថានីយទូរទស្សន៍ប្រើប្រាស់ទុនវិនិយោគច្រើន និងត្រូវការសិក្សារយៈពេលវែង។

រាជរដ្ឋាភិបាលបានឲ្យក្រសួងព័ត៌មានណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុក រយៈពេល៣ខែ។

ផ្ទុយទៅវិញផុតរយៈពេលកំណត់បុគ្គលដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់នោះនឹងត្រូវប្រឈមចំពោះមុខច្បាប់។

ជាមួយនោះដែរប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរពនិងអនុវត្តតាមច្បាប់ ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាព នៃការផ្សព្វផ្សាយ។

ករណីប្រព័ន្ធផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈមិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មាននឹងត្រូវដកហូតអាជ្ញាបណ្ណបញ្ឈប់ការធ្វើអាជីវកម្មតែម្តង៕