ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមប្រកាសលទ្ធផលប្រណាំងទូក«ង»រយៈពេលពីរថ្ងៃអបអរបុណ្យចេញព្រះវស្សា

ដោយ៖គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមប្រកាសលទ្ធផល នៃការប្រណាំងទូក«ង» បន្ទាប់ពីការប្រកួតប្រជែងរយៈពេលពីរថ្ងៃ គឺបាន រកឃើញទូកដែលទទួលបានជ័យលាភី ដែលដណ្តើមបានពានរង្វាន់ ចំណាត់ថ្នាក់ពីលេខ ១ ដល់ លេខ៣ នៅថ្ងៃផ្តាច់ព្រ័ត្រល្ងាចថ្ងៃទី ២៩ តុលាម្សិលមិញនេះ។


នៅចំពោះមុខវត្តមានអញ្ជើញចូលរួមលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក លោកស្រីជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត ព្រមទាំងកីឡាករ ជាចំណុះទូក លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានថ្លែង ឱ្យដឹងថា៖ លទ្ធផល នៃការចូលរួមប្រណាំងទូកសរុបចំនួន ៤៨ ដោយមានជាប្រភេទទូកងចំនួន ២០ ទូក និងទូកខ្នាតអន្តរជាតិចំនួន ២៨ ទូក បានចូលរួមប្រណាំងចំនួន ពីរ ថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់ ២៩ តុលា គឺបានរកឃើញទូកដែលត្រូវទទួលបានពាន់រង្វាន់ហើយ។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងបន្តថា៖ ក្នុងនោះទូកជ័យលាភីមាន ចំនួនបីផែន ដោយផែននីមួយៗ មានទូកចំនួន ប្រាំ ៖ ចំណាត់ថ្នាក់លេខ ១ ក្នុងមួយទូកៗ ទទួលបានពានរង្វាន់ចំនួនមួយ,ទង់ជ័យលាភីចំនួន មួយ និងថវិកាចំនួន ពីរលាន រៀល។ ចំណាត់ថ្នាក់លេខ២ ក្នុងមួយទូកៗ ទទួលបានទង់ជ័យលាភីចំនួន មួយ និងថវិកាចំនួន មួយលានប្រាំសែន រៀល និងចំណាត់ថ្នាក់លេខ៣ ទូកនីមួយៗ ទទួលបានទង់ជ័យលាភីចំនួន មួយ និងថវិកាចំនួន មួយលាន រៀល៕