ព័ត៌មានជាតិ

ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរជាង ១លាននាក់ចូលលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក

បាត់ដំបង÷ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១ លាននាក់ចូលលេងកម្សាន្តយ៉ាងអធិកអធមក្នុងអំឡុងបុណ្យអុំទូក បណ្តែតប្រទីបប្រពៃណីជាតិខ្មែរ។

លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ ឲ្យដឹងនៅយប់ថ្ងៃទី ២៩ ខែតុលា នេះថា÷ ក្នុងពិធីបុណ្យអុំទូក និងបណ្តែត ប្រទីបនៃថ្ងៃចេញព្រះវស្សានាស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានរយ:ពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣នេះ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលចូលមកលំហែអារម្មណ៍កម្សាន្តសរុបចំនួន១,០៩៥,៤៦២នាក់ កើនឡើងចំនួន៤៧៩.១០% ធៀបឆ្នាំ២០២២ មានត្រឹមចំនួន១៨៩,១៦៧ នាក់ប៉ុណ្ណោះ។

លោក អ៊ុច អ៊ុភីនីស្សារ៉ា បានបន្ថែមថា÷ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ខាងលើនៅថ្ងៃដំបូងទី២៨ តុលា ភ្ញៀវមានចំនួន៤២១,៧០៥ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន២០៥នាក់ផងដែរបានចូលរួមនៅតាមគោលដៅកម្សាន្តនានាដូចជាទីតាំងអុំទូកប្របតាមដងស្ទឹងសង្កែ សួនច្បារ សម្តេចក្រឡាហោម ស ខេង ទីតាំងវិមានឯករាជ្យ និងនៅតាមស្តង់​លក់ទំនិញផ្សេងៗ។

ដោយឡែកសម្រាប់ភ្ញៀវទេសចរសម្រុកចូលលេងនៅថ្ងៃទី២៩ ខែតុលាវិញ​មានចំនួន៦៧៣,៧៥៧ នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន​២៥៧នាក់។

មន្ត្រីជំនាញដដែលបានបញ្ជាក់ផងដែរថា÷ ចំនួនភ្ញៀវទេសចរដែលកើន​ឡើង​រហូតជាង១លាននាក់បានចូលមកលេងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីបក្នុងថ្ងៃចេញព្រះវស្សាឆ្នាំនេះដោយសារកត្តារួមផ្សំជាច្រើនរួមមាន: ប្រទេសមានសុខសន្តិភាពពេញលេញ អាកាសធាតុអំណោយផល រដ្ឋបាលខេត្តបានរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ តុបតែងភ្លើង​ពណ៌តាមកំណាត់ផ្លូវសំខាន់ៗ មានខ្លោងទ្វារតុបតែងយ៉ាងស្រស់ស្អាត បែងចែកមណ្ឌលកម្សាន្ត ស្តង់តាំងពិព័រណ៍ រួមទាំងវេទិកាអុំទូកថ្មីធំស្កឹមស្កៃ ពិសេសមានសួនច្បារជាសមិទ្ធផលស៊ីវិល័យថ្មីប្រចាំឆ្នាំ២០២៣ដ៏ទាក់ទាញទើបខេត្តបាត់ដំបងមានលទ្ធភាពស្រូបទាញភ្ញៀវទេសចរបានយ៉ាងច្រើនកុះករមិនធ្លាប់មានកន្លងមក៕