អន្តរជាតិ

អ៊ីស្រាអែលថាខ្លួននឹងប្រឆាំងការសន្យារបស់Elon Muskក្នុងការផ្តល់សេវាផ្កាយរណបនៅតំបន់ហ្គាហ្សា

ប្រែសម្រួល៖ រតនា

អ៊ីស្រាអែលបានប្តេជ្ញាប្រឆាំងនឹងការសន្យារបស់ Elon Musk ក្នុងការផ្តល់ទៅឲ្យអង្គការផ្តល់ជំនួយនានានៅក្នុងតំបន់ហ្គាហ្សាជាមួយនឹងសេវាផ្កាយរណប Starlink ខណៈដែលតំបន់នេះត្រូវបានឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែលនិងកំពុងតស៊ូជាមួយការខ្វះអ៊ីនធឺណិត។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរបស់អ៊ីស្រាអែល លោក Shlomo Karhi បាននិយាយនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថាក្រុមហាម៉ាស់នឹង “ប្រើប្រាស់វាសម្រាប់សកម្មភាពភេរវកម្ម” ។

Karhi បានសរសេរថា “ប្រហែលជា Musk នឹងសុខចិត្តដាក់លក្ខខណ្ឌជាមួយនឹងការដោះលែងទារក កូនប្រុស កូនស្រី និងមនុស្សចាស់របស់យើង។

Musk បានធ្វើសេចក្តីប្រកាសនៅលើ X ដែលគាត់ជាម្ចាស់ បន្ទាប់ពីតំណាងប្រជាធិបតេយ្យអាមេរិក Alexandria Ocasio-Cortez បាននិយាយថា “ការកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ដល់ប្រជាជនចំនួន 2.2 លាននាក់គឺមិនអាចទទួលយកបានទេ” ។

Musk បាននិយាយនៅក្នុងការបង្ហោះឆ្លើយតបទៅ Ocasio-Cortez ថា “Starlink នឹងគាំទ្រការតភ្ជាប់ទៅកាន់អង្គការជំនួយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា” ។

នៅក្នុងការបង្ហោះមួយផ្សេងទៀតដែលឆ្លើយតបទៅគណនី X មួយផ្សេងទៀត លោក Musk បាននិយាយថា “គ្មានស្ថានីយណាមួយពី Gaza បានព្យាយាមទំនាក់ទំនងជាមួយតារានិកររបស់យើងទេ” ។

ការប្រាស្រ័យទាក់ទងគ្នានៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ នៅពេលដែលអ៊ីស្រាអែលបង្កើនការវាយលុកផ្លូវអាកាស និងដីរបស់ខ្លួនលើតំបន់។ ក្រុម​ជំនួយ​និយាយ​ថា ពួក​គេ​មិន​អាច​ទំនាក់​ទំនង​ជាមួយ​ក្រុម​នៅ​ក្នុង​តំបន់​បាន​ទេ។

មុននេះ អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេ “មិនមានទំនាក់ទំនង” ជាមួយបុគ្គលិករបស់ខ្លួននៅហ្គាហ្សា ហើយអគ្គស្នងការនៃទីភ្នាក់ងារការងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន បានសរសេរទៅកាន់បុគ្គលិកកាលពីថ្ងៃសៅរ៍ដោយនិយាយថា អង្គការមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីពួកគេចំពេល ការ​ដាច់​ភ្លើងនិងគ្មានអ៊ីនធឺណិតនោះ៕