ព័ត៌មានជាតិ

ថ្ងៃដំបូងនៃការប្រណាំងទូក«ង»នៅខេត្តកំពង់ចាមមានមនុស្សចូលរួមជាង១៥ម៉ឺននាក់

ដោយ៖ គង់ហេង

កំពង់ចាម៖ ថ្ងៃដំបូង នៃការប្រណាំងទូក«ង» ដើម្បីអបអរពិធីបុណ្យចេញព្រះវស្សា ដែលរដ្ឋបាលខេត្តកំពង់ចាមរៀបចំឡើងរយៈពេល ពីរ ថ្ងៃ ដោយមានការតាំងពិព័រណ៌ផលិផល ការប្រគំតន្រ្តីខ្នាតធំ គឺមានភ្ញៀវចូលរួមទស្សនាកម្សាន្តសប្បាយប្រមាណជាង១៥ម៉ឺន នាក់នៅថ្ងៃទី ២៨ តុលា។

មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានបញ្ជាក់នៅក្នុងរបាយណ៍ នៅតាមបណ្តាញតេឡេក្រាមរបស់រដ្ឋបាលខេត្តកំពង់ចាម កាលពីម៉ោងជាង ១០ យប់ថ្ងៃទី ២៨ តុលាថា នៅថ្ងៃទី ២៨ តុលា ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាការប្រណាំងទូក”ង” ពិធីតាំងពិព័រណ៌ផលិតផល ការប្រគំតន្ត្រី និងនៅតាមរមណីយដ្ឋានទេសចរណ៍ សរុបមានចំនួន 157.465នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 157.275 នាក់ និងភ្ញៀវបរទេសចំនួន 190នាក់ ក្នុងនោះ។

ប្រភពព័ត៌មាននោះបានបញ្ជាក់ទៀតថា ដោយក្នុងនោះចំនួនភ្ញៀវទេសចរដែលមកទស្សនាពិធីប្រណាំងទូក សរុបមានចំនួន 31.248នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 31.200 នាក់ និងភ្ញៀវបរទេសចំនួន 48នាក់។ ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅតាមរមណីយដ្ឋាននានា សរុបមានចំនួន 3.130នាក់ គ្មានភ្ញៀវបរទេសទេ ។ ចំនួនភ្ញៀវទេសចរដែលមកទស្សនាពិធីតាំងពិព័រណ៌ សរុបមានចំនួន 123.087នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន 122.945 នាក់ និងភ្ញៀវបរទេសចំនួន 142 នាក់៕