សន្ដិសុខសង្គម

រថយន្តបុកម៉ូតូពីក្រោយរួចកិនស្លាប់ប្តីប្រពន្ធ២នាក់

ដោយ:សុខុម
កំពង់ស្ពឺ: ប្តីប្រពន្ឋបានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តបុកពីក្រោយ ស្របទិសគ្នាបណ្តាលឲ្យដួលរួចកិនអ្នកជិះម៉ូតូ។ហេតុការណ៍គ្រោះថ្នាក់​ដ៏រន្ធត់នេះ​កើតឡើងលើផ្លូវលេខ១៤០ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​កាលពីវេលាម៉ោង៤រសៀល​ថ្ងៃទី២៧​ខែតុលា​ឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហុីយិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-3129 សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-6247  ។ក្រោយពីបុកអ្នកជិះម៉ូតូស្លាប់ភ្លាមនោះ​អ្នកបើកបររថយន្តឈ្មោះពឿន សុន  ភេទប្រុស អាយុ៣២ឆ្នាំ​រស់នៅភូមិ​កណ្តត់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ​ក៏ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន។ រថយន្តមានទិសដៅពីខាងត្បួងទៅជើង លុះមកដល់ចំណុច​កើតហេតុ​រថយន្តក៏បានបុកម៉ូតូពីក្រោយ។រីឯម៉ូតូម៉ាក ហុងដា ប៊ីត ពណ៌ ខៀវ-ស ពាក់ផ្លាកលេខកំពង់ស្ពឺ 1W-6877 រងការខូចខាតខ្លាំង។
អ្នកបើកបរម៉ូតូឈ្មោះមូល ម៉ី ភេទប្រុស អាយុ៣៣ឆ្នាំ ឌុបប្រពន្ធឈ្មោះ សុខ ទូច អាយុ២៩ឆ្នាំ អ្នកទាំងពីរនាក់រស់នៅភូមិត្រពាំងអណ្តូង ឃុំស្រុកពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។


ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកមកក្សាទុក​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង៕