ព័ត៌មានជាតិ

ពិធីប្រណាំងទូកអបអរបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាមនឹងចាប់ផ្តើមនៅម៉ោង១រសៀលថ្ងៃនេះ

ដោយ៖ គង់ហេង
កំពង់ចាម៖ ពិធីប្រណាំងទូក ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដែលប្រព្រឹត្តទៅក្រុងកំពង់ចាម រយៈពេលពីរថ្ងៃ គឺនឹងចាប់ផ្តើមប្រកួត នៅម៉ោង ១ រសៀលថ្ងៃទី ២៨ តុលានេះ ដោយមានទូកចូលរួមសរុបចំនួន ៤៨ ទូក និងកីឡាករចំនួនជាង ២.០០០ នាក់។


លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាល ខេត្ត បានប្រាប់ឱ្យដឹងនៅក្រោយពិធីបើកការប្រកួតនៅមាត់ទន្លេ មេគង្គ ទន្ទឹមទូកស្គរជ័យថា៖ ទូកចំនួន ៤៨ ទូកចូលរួមប្រណាំង ដោយមានទូកខ្លី ឬទូកខ្នាតអន្តរជាតិចំនួន ២៨ ទូក និងទូកវែង ឬទូកងចំនួន ២០ ទូក។


លោកអ្នកនាំពាក្យបានបន្តថា៖ ក្នុងនោះយើងមានពានរង្វាន់ចំនួន ប្រាំ ហើយលក្ខខណ្ឌ នៃការប្រកួត គឺទី១ ផ្អែកលើការប្រកួតទំាងពីរថ្ងៃ( ថ្ងៃទី ២៨-២៩ តុលា) ដោយទូកមួយអុំចំនួន ពីរ ជើងក្នុងមួយថ្ងៃ គឺទូកណាឈ្នះ ទាំងពីរថ្ងៃស្មើចំនួន បួន ជើងយើងជ្រើសរើសមកផ្គូផ្គងគ្នា ហើយគិតលើ ល្បឿនថែមទៀត នោះយើងនឹងរកឃើញទូកង និងទូកខ្នាតអន្តរជាតិ មួយណាជាប់លេខ១ , ២, ៣ បន្តបន្ទាប់គ្នា។
លោក មាន សាម៉ន អ្នកគ្រប់គ្រងចំណុះទូកងឈ្មោះ«ដីលើទួល រកាតេជោសែនជ័យ»បានឱ្យដឹងថា៖ ទូកនេះជារបស់វត្តវេឡុវ័នទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ចំណុះ ៧០ នាក់ឧបត្ថម្ភដោយចំណុះ ជើងវត្តវេឡុវ័នទួលរកា ជាគូទី៦ ត្រូវប្រកួតជាមួយទូកឈ្មោះ «នាគវ័ន» នៅភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំចំណុះ ៧២ នាក់ ឧបត្ថម្ភដោយលោក ជា សុផារ៉ា និងលោកស្រី។


លោកអ្នកគ្រប់គ្រងទូកដីលើទួលរកាតេជោសែនជ័យ បានបន្តថា៖ ចំពោះការប្រកួតលើនេះខាងលោកបានហ្វឹកហាត់មុនការប្រកួតចំនួន ១២ ថ្ងៃ ដូច្នេះខាងលោកមានសង្ឃឹមឈ្នះការប្រកួតចំនួន ៨០ ភាគរយ ហើយក៏​ត្រៀម​ទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញនាឱកាសបុណ្យអុំទូក នាពេលខាងមុខនេះផងដែរ៕