សន្ដិសុខសង្គម

ដាក់គុកបុរសសម្លាប់កូនប្រុសបង្កើត រហូតមានក្លិនស្អុយទើបឃើញសព

ដោយ៖វិចិត្រ
ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលាបានឃុំខ្លួន ជនត្រូវចោទជាឪពុកពីបទសម្លាប់កូនប្រុស រួចយកលាក់លើធ្នើរបន្ទប់ទឹក រហូតមានក្លិនស្អុយទើបរកសពឃើញ។ហេតុការណ៍នេះស្ថិតនៅបន្ទប់ជួល សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីល្ងាចថ្ងៃទី២៣ ខែតុលាកន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា ករណីឪពុកសម្លាប់កូនប្រុសបង្កើត អាយុទើបតែ២ឆ្នាំរួចយកលាក់ទុកលើធ្នើរបន្ទប់ទឹក រយៈពេល៣ថ្ងៃទើប រកសពឃើញ។ ជនដៃដល់ឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ អ្នករើសអេតចាយ ស្នាក់នៅបន្ទប់ជួលខាងលើ។ប្រពន្ធឈ្មោះ ស៊ីម រំដួល អាយុ៤២ឆ្នាំ នៅកន្លែងជាមួយគ្នា។ចំណែកកូនដែលស្លាប់ឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំ នៅជាមួយជីដូននិងម្ដាយមីងក្បែរបន្ទប់កើតហេតុ។

អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ​ក្មេងរងគ្រោះបានបាត់ខ្លួន​រយៈពេល៣ថ្ងៃ​មកហើយ ម្តាយមីងនិងជីដូនបានដើររកដែរតែរកមិនឃើញ ។រហូតដល់​រសៀលថ្ងៃទី២៣ ខែតុលា ក៏មានក្លិនស្អុយចេញពីបន្ទប់ខាងលើ។ដោយមាន​ការសង្ស័យក៏បានចូលទៅវែកមើលលើធ្នើរបន្ទប់ទឹកក៏ប្រទះឃើញសពក្មេង​រងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចបានចុះចាប់ជនសង្ស័យរួចបញ្ជូនទៅ​តុលាការ។កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣ ត្រូវតុលាការឃុំខ្លួនដាក់​ពន្ធនាគារព្រៃសបណ្តោះអាសន្ន៕