អន្តរជាតិ

ក្រុមហាម៉ាស់និយាយថាបើចង់ឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ត្រូវតែភ្ជាប់ជាមួយនឹងបទឈប់បាញ់

ប្រែសម្រួល៖សហការី

មន្ត្រីជាន់ខ្ពស់ហាម៉ាសបានភ្ជាប់ការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សាទៅនឹងបទឈប់បាញ់គ្នាមួយ។ នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអ៊ែលទៅលើតំបន់ព័ទ្ធជុំវិញ GAZA ដែលបានចាប់ផ្តើមក្រោយពីការលបឆ្មក់ចូលវាយលុកដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ចូលទៅក្នុងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលជិតបីសប្តាហ៍មកហើយ។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងរៀបចំការលុកលុយតាមថ្មើរជើងប៉ុន្តែត្រូវបានរងសម្ពាធពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអារ៉ាប់ឱ្យពន្យារពេលប្រតិបត្តិការពីព្រោះអាចបង្កឲ្យជនស៊ីវិលបាត់បង់ជីវិតកាន់តែច្រើនថែមទៀតនៅក្នុងតំបន់ឆ្នេរដែលមានប្រជាជនរស់នៅច្រើន ហើយក៏អាចផ្ទុះជម្លោះកាន់តែរាលដាលធំឡើងថែមទៀតផង។

យន្តហោះចម្បាំងអាមេរិកពីរគ្រឿងបានវាយប្រហារទីតាំងសព្វាវុធ និងគ្រាប់រំសេវនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃសុក្រ ថ្ងៃទី ២៧ ខែតុលា នេះជាការសងសឹកចំពោះការវាយប្រហារលើកងកម្លាំងអាមេរិកដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមហ្គាហ្សាបានផ្ទុះឡើង។

មានការស្ទង់មតិមួយបានចេញផ្សាយកាលពីថ្ងៃសុក្របានរកឃើញថាប្រជាជនអ៊ីស្រាអែលស្ទើរតែពាក់កណ្តាលឥឡូវនេះមានអារម្នណ៏ថាចង់បញ្ឈប់ការឈ្លានពានដោយទ័ពថ្មើរជើងដោយបារម្ភថាមានចំណាប់ខ្មាំងយ៉ាងហោចណាស់ ២២៤ នាក់ដែលត្រូវបានគេរាយការណ៍ថាកំពុងជាប់ឃុំនៅទីនោះ។

កាសែតរុស្ស៊ី Kommersant បានដកស្រង់សម្តីសមាជិកគណៈប្រតិភូក្រុមហាម៉ាសដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូដោយបាននិយាយថា វាជាពេលវេលាមួយចាំបាច់បំផុតដើម្បីកំណត់ជោគវាសនាចំណាប់ខ្មាំងទាំងនោះដែលត្រូវបានចាប់ពង្រត់ដោយក្រុមប៉ាឡេស្ទីនផ្សេងៗនៅក្នុងការវាយប្រហាររបស់ពួកហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា។

លោក Abu Hamid បាននិយាយថា “ពួកគេបានចាប់មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយយើងត្រូវការពេលវេលាដើម្បីស្វែងរកពួកគេនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបន្ទាប់មកស្វែងរកការដោះលែងពួកគេ”។

លោកបាននិយាយថា ក្រុមហាម៉ាសដែលបានដោះលែងចំណាប់ខ្មាំងបួននាក់មកទល់ពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមានបំណងដោះលែង “ចំណាប់ខ្មាំងដែលជាជនស៊ីវិល”។

លោក Ghazi Hamad មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press ក្នុងទីក្រុង Beirut នៅថ្ងៃទី 26 ខែតុលា។ Bilal Hussein/AP

ប៉ុន្តែលោកបាននិយាយថា ដូច្នេះនេះយើងសុំអំពាវនាវឱ្យមាន “បរិយាកាសស្ងប់ស្ងាត់” ហើយលោកបានអះអាងម្តងទៀតថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សច្រើនជាង ៦០០០ នាក់រួចមកហើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសបានរាយការណ៍ថាទោះបីជាយោធាអ៊ីស្រាអែលមិនបានបញ្ជាក់ពីរបាយការណ៍ភ្លាមៗក៏ដោយយ៉ាងហោចណាស់មានតំបន់ចំនួនពីរនៅក្នុងហ្គាហ្សាស្ទ្រីបកំពុងតែប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាមួយនឹងកងទ័ពអ៊ីស្រាអែលដែលបានបើកការលុកលុយខ្នាតតូចជាច្រើនលើកនៅក្នុងគ្រាចុងក្រោយនេះ ។

អ្នកស្រុកប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាភាគកណ្តាលបាននិយាយថា ពួកគេបានឮការផ្ទុះអាវុធ ក៏ដូចជាការបាញ់ផ្លោងយ៉ាងខ្លាំងក្លា និងការវាយប្រហារតាមអាកាសនៅតាមព្រំដែន ដោយយន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់ជះចេញជាអណ្តាតភ្លើងពីលើអាកាស និងគ្រាប់បែក។

កងពលតូច al-Qassam របស់ក្រុមហាម៉ាសបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានព្យាយាមចុះចតនៅលើឆ្នេរមួយនៃចុងភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។

អ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារទៅលើមូលដ្ឋានមេបញ្ជាការជាន់ខ្ពស់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ចំនួនបីកន្លែងដែលបានដើរតួយ៉ាងសំខាន់ក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។

នៅរសៀលថ្ងៃដដែល សំឡេងស៊ីរ៉ែនគ្រាប់រ៉ុក្កែតបានបន្លឺឡើងពាសពេញភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយគ្រូពេទ្យជនជាតិអ៊ីស្រាអែលម្នាក់បាននិយាយថា មនុស្សបីនាក់បានរងរបួស នៅពេលដែលកាំជ្រួចបានវាយប្រហារអគារផ្ទះល្វែងមួយក្នុងទីក្រុង Tel Aviv ។

នៅក្នុងជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza ការវាយប្រហារតាមអាកាសបានសម្លាប់ប្រពន្ធមានផ្ទៃពោះរបស់មេធាវីប៉ាឡេស្ទីនម្នាក់ឈ្មោះ Jehad Al-Kafarnah ។

Kafarnah បានសរសេរទាំងយំនៅលើក្រដាស់សដែលរុំជុំវិញខ្លួនរបស់ប្រពន្ធគាត់ថា អ្នកជា”ជីវិតរបស់ខ្ញុំ ជាបេះដូងរបស់ខ្ញុំ ខ្ញុំស្រលាញ់អ្នក”។ គាត់​បាន​កាន់​សព​កូន​អាយុ ៨ ខែ​របស់​គាត់​ដែល​មាន​រុំ​​ក្រណាត់ពណ៌​សនៅ​ក្នុង​ដៃ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប្រចាំប៉ាឡេស្ទីន UNRWA និយាយថាមនុស្សរស់ក្នុងតំបន់ Gazans ជាង ៦០០,០០០ ត្រូវបានបាត់បង់ផ្ទះសម្បែង យ៉ាងហោចណាស់ក៏បីដងច្រើនជាងជម្រករបស់ជនភៀសខ្លួនដែលមិនអាចផ្ទុកមនុស្សបានគ្រប់គ្រាន់។

មន្ត្រីប៉ាឡេស្ទីនម្នាក់បាននិយាយថា រថយន្តដឹកទំនិញចំនួន ១០ គ្រឿងបន្ថែមទៀតបានមកដល់ហ្គាហ្សាពីប្រទេសអេហ្ស៊ីប រួមជាមួយនឹងវេជ្ជបណ្ឌិតបរទេសចំនួន ១០ នាក់ ដែលជាការចូលលើកដំបូង។ អង្គការសហប្រជាជាតិនិយាយថា តំបន់ហ្គាហ្សាត្រូវការរថយន្តសង្គ្រោះប្រហែល ១០០ គ្រឿងជារៀងរាល់ថ្ងៃ ហើយមន្ត្រីរូបនេះបាននិយាយថា ការចរចាកំពុងធ្វើឡើងជាមួយអ៊ីស្រាអែល ដែលបានរារាំងការផ្តល់ធនធានការពារមិនឱ្យធ្លាក់ទៅក្នុងដៃក្រុមហាម៉ាស់យកទៅប្រើប្រាស់។

ការ​ផ្ទុះ​នៅ​តំបន់​ហ្កាហ្សា​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ទីក្រុង Sderot ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា។ Violeta Santos Moura/Reuters

ប្រធាន UNRWA លោក Philippe Lazzarini បាននិយាយថា មានកម្មករ UNRWA ៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយអ្នកនាំពាក្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ Ravina Shamdasani និយាយទាំងអារម្មណ៍រំជួលចិត្តនៅពេលពិពណ៌នាអំពីស្ថានភាពបុគ្គលិកអង្គការសហប្រជាជាតិដែលកំពុងបំរើការនៅទៅនោះថា “ពួកគេជាច្រើននាក់កំពុងដេកនៅក្រោមដំបូលប្រក់មេឃអ្នកគួតែគណនាសាកមើលថា​ប្រសិនបើអ្នក​ត្រូវរង​គ្រាប់​នោះតើវាទំនង​ជា​អាចកើត​ឡើង​ទេ “។

តំណាងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បាននិយាយថា មានតែហាងនំប៉័ងមួយក្នុងចំណោមពីរដែលខ្លួនបានចុះកិច្ចសន្យាចិញ្ចឹមគ្រួសារដែលភៀសខ្លួនរាប់ពាន់នាក់នៅមានឥន្ធនៈសម្រាប់ធ្វើនំប៉័ង “ហើយថ្ងៃស្អែកប្រហែលជាគ្មានទៀតទេ”។

  • អាមេរិក​វាយប្រហារ​មូលដ្ឋានទ័ព​ស៊ីរី​ដែល​ជា​ទីតាំងរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់

ជំពោះការអំពាវនាវឱ្យមានការអត់ធ្មត់ដោយសារមានការព្រួយបារម្ភចំពោះជនស៊ីវិលនៅហ្គាហ្សា និងចំណាប់ខ្មាំងអ៊ីស្រាអែលតែប៉ុណ្ណោះទេ ថែមទាំងខ្លាចថាវិបត្តិនេះអាចបង្កឱ្យមានផ្ទុះជាជម្លោះនៅទូទាំងតំបន់មជ្ឈិមបូព៌ាទៀតផង។

មន្ទីរបញ្ចកោណបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាឱ្យធ្វើការវាយប្រហារពេញមួយយប់លើមូលដ្ឋានស៊ីរីចំនួនពីរដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រើប្រាស់ និងកងជីវពលដែលខ្លួនគាំទ្រ បន្ទាប់ពីបានចេញការព្រមានដោយផ្ទាល់ដ៏កម្រមួយទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍កុំឱ្យវាយប្រហារកងទ័ពអាមេរិក។

ទាហានអាមេរិក និងក្រុមចម្រុះត្រូវបានវាយប្រហារយ៉ាងហោចណាស់ ១៩ ដងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងនៅក្នុងប្រទេសស៊ីរី ដោយកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់កាលពីសប្តាហ៍មុន។

អ៊ីស្រាអែលនិយាយថានៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាដោយក្រុមហាម៉ាសបានសម្លាប់មនុស្សប្រហែល ១,៤០០ នាក់ រួមទាំងកុមារ។

ក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ប្រជាជនប៉ាឡេស្ទីន ៧៣២៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសងសឹកតាមអាកាសមានរួមទាំងកុមារប្រហែល ៣.០០០ នាក់ត្រូវបានសម្លាប់ផងដែរ។

លោក Biden បានទម្លាក់ការសង្ស័យលើតួលេខជនរងគ្រោះដែលផ្តល់ដោយមន្ត្រីប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប៉ុន្តែទីភ្នាក់ងារជំនួយអន្តរជាតិនិយាយថា តួលេខជនរងគ្រោះដែលផ្តល់ដោយមន្ត្រីប៉ាឡេស្ទីនគឺមានភាពសុក្រឹតណាស់ និងអាចទុកចិត្តបានក្នុងពេលកន្លងមក។

នៅក្នុងការស្ទង់មតិមួយរបស់សារព័ត៌មាន Maariv អ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែល ៤៩ ភាគរយបាននិយាយថា “វាប្រសើរជាជាងរង់ចាំ” មុនពេលចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំ ខណៈដែល ២៩ ភាគរយមិនយល់ស្រប។ មួយសប្តាហ៍មុននេះ ៦៥ ភាគរយបានគាំទ្រការឈ្លានពានដោយទ័ពថ្មើរជើង។

Maariv បាននិយាយថា “វាំជាការពិតដែលគេមើលឃើញថារបៀបវារៈចំណាប់ខ្មាំងឥឡូវនេះបានជះឥទ្ធិពលនាំមុខគេធ្វើឲ្យមានការវិវឌ្ឍក្នុងការផ្លាស់ប្តូរស្ថានការ” Maariv បាននិយាយដូច្នេះ៕

ប្រភព៖ Reuters