សន្ដិសុខសង្គម

ឃាត់រថយន្តដឹកប្រហិតនិងស្លាបមាន់នាំចូលពីប្រទេសថៃដោយខុសច្បាប់

ដោយ:សុខុម
កំពង់ឆ្នាំង :សមត្ថកិច្ចនគរបាលប្រឆាំ ងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង កាលពីល្ងាច ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ បានចាប់ឃាត់រថយន្តមួយគ្រឿង ក្នុងនោះមានដឹក ប្រហិតចម្រុះ រាប់សិបគីឡូក្រាមឈ្មួញនាំចូលមកពីប្រទេសថៃដោយខុសច្បាប់។


ក្រោយពីឃាត់រួច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក៏បាន ប្រគល់ឱ្យការិយាល័យ បសុព្យាបាលខេត្តកំពង់ឆ្នាំងមានចំណាត់ការបន្តតាមផ្លូវច្បាប់។


សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកមីស៊ុយប៊ីស៊ីធុនធំពាក់ផ្លាកលេខបាត់ដំបង 3A.3253 ខាងលើនេះដឹកប្រហិតមកពីប្រទេសថៃឆ្លងកាត់តាមច្រកខេត្តបន្ទាយមានជ័យ។លុះមកដល់ចំណុចព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ក៏ត្រូវបាន​ឃាត់ត្រួតពិនិត្យលិខិតដឹកជញ្ជូន។នៅពេលសមត្ថកិច្ចចាប់ផ្ដើមធ្វើការឃាត់នោះ​អ្នកបើកបររថយន្តបែរជារត់គេចបាត់ហើយពុំមានឯកសារលិខិតអនុញ្ញាតនាំចូលដោយ​ស្របច្បាប់ណាមួយឡើយ។


ប៉ុន្តែសមត្ថកិច្ចឃាត់បានអ្នករួមដំណើរម្នាក់​​ឈ្មោះ សួម លីហុង អាយុ២៨ឆ្នាំ មាន​ទី លំនៅភូមិគោកខ្ពស់ ឃុំដូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រោយមក​ព្រូឡានម្នាក់នេះក៏បានទូរសព្ទប្រាប់ម្ចាស់រថយន្តឈ្មោះ ត្រេន នៅខេត្ត បាត់ដំបង ឱ្យមកដោះស្រាយករណីនេះជាមួយសមត្ថកិច្ចផងដែរ ប៉ុន្តែរហូត ដល់ម៉ោង៥ល្ងាចថ្ងៃទី២៦ នេះសមត្ថកិច្ចមិនទាន់ឃើញម្ចាស់រថយន្តមកដល់ខេត្តកំពង់ឆ្នាំងនៅឡើយទេ។


លោក ក្រឹងសំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត​​​ កំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៦ខែតុលានេះ បានឲ្យដឹងថា តាមការណែនាំ​របស់ឯកឧត្តមព្រះរាជអាជ្ញាមន្ត្រីជំនាញនិងជូនដំណឹងសមត្ថកិច្ចជម្រុះ​ យើងបាន​ធ្វើការឆែកប្រ ហិតចម្រុះនៅលើរថយន្តជាង១០កេសដោយពិនិត្យ​ឃើញមានប្រហិតចម្រុះជាច្រើនមុខរួមនិងស្លាបមាន់ផងដែរ។


ក្រោយពីក្រុម​ការងារចម្រុះបានពិភាក្សាគ្នារួចមក សមត្ថកិច្ចបានសម្រេច​រក្សាទុកប្រហិតចម្រុះនៅលើរថយន្តដដែលរង់ចាំព្រឹកឡើងថ្ងៃទី២៧ ខែតុលា ទើបបន្តនីតិវិធីទៀត ឬសុំការអនុញ្ញាតពីថ្នាក់លើដុតកម្ទេចចោលតែម្ដង៕