សន្ដិសុខសង្គម

ដកហូតគ្រឿងញៀនជាង១០គីឡូក្រាមក្រោយចាប់មុខសញ្ញាជួញដូរ២នាក់

បាត់ដំបង៖ សមត្ថកិច្ចរឹបអូសគ្រឿងញៀនជាង១០គីឡូក្រាមក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរសកម្មចំនួន២នាក់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

បទល្មើសដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនខាងលើធ្វើឡើងនៅព្រលប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ត្រង់កំណាត់ផ្លូវជាតិលេខ៥ ចំណុចស្ពានត្រស់ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ករណីដដែលនេះកម្លាំងបង្ក្រាបរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ មានឈ្មោះប៊ូ សុផាត ហៅ ហ៊ុល ភេទប្រុស អាយុ៦៣ ឆ្នាំ មុខរបរគ្មានរស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងម្នាក់ទៀតឈ្មោះ លី ធារិទ្ឋ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយឡែកវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកICEចំនួន ២៥កញ្ចប់ ទម្ងន់ ១០,៣៣៤.៦០ គីឡូក្រាម, រថយន្តមួយគ្រឿង រួមទាំងវត្ថតាងពាក់ព័ន្ធមួយចំនួនទៀត។

ជនសង្ស័យក៏ដូចជាវត្ថុតាងចំពោះមុខត្រូវបានកម្លាំងមន្ទីរជំនាញកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕