សន្ដិសុខសង្គម

ជិត១០នាក់ពុលនំបញ្ចុកក្នុងពិធីបុណ្យមួយនៅកំពង់ឆ្នាំង

ដោយ:សុខុម
កំពង់ឆ្នាំង:មនុស្សក្មេងចាស់ប្រុសស្រីចំនួន ៩នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងភ្លាមៗកាលពីវេលាម៉ោង១១និង៣០នាទី​ព្រឹកថ្ងៃទី២៥តុលា២០២៣ បន្ទាប់ពីទទួលទាននំបញ្ចុកក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ​នៅក្នុងភូមិតាំធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។


លោកចេង ចាន់ដូណាល់ អភិបាលស្រុកបរិបូណ៌បាននិយាយឲ្យដឹងថា​នៅក្នុងពិធីបុណ្យ​មួយ​ អ្នកភូមិជួបជុំគ្នាទទួលទាននំបញ្ចុក។ក្រោយមកមានអាការក្អួតចង្អោ​រ​ហើយសមត្ថកិច្ច​មូលដ្ឋានបានដឹកអ្នកជំងឺតាមរថយន្តរបស់មន្ទីរពេទ្យទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកបរិបូណ៌។


លោកអភិបាលស្រុកបានបន្ថែមទៀតថា ក្រោយពីបញ្ជូនអ្នកជំងឺទៅដល់ពេទ្យហើយ​គ្រូពេទ្យជួយសង្គ្រោះក៏បានធូរស្រាលខ្លះហើយ។ករណីនេះមិនមាននរណាម្នាក់​គ្រោះថ្នាក់​រហូតដល់បាត់បង់ជីវិតទេ។ក្រុមគ្រូពេទ្យបានជួយសង្គ្រោះទាន់ពេលវេលា៕