អន្តរជាតិ

ខ្មាន់កាំភ្លើងបាញ់ប្រហារមនុស្ស ១៦ នាក់ស្លាប់,រាប់សិបនាក់របួសនៅរដ្ឋMaine,សហរដ្ឋអាម៉េរិក

ប្រែសម្រួល៖សហការី

មានមនុស្ស១៦នាក់បានស្លាប់ និងចាប់ពី ៥០ ទៅ ៦០ នាក់បានរងរបួសកាលពីថ្ងៃពុធ ទី ២៥ តុលានៅក្នុងការបាញ់ប្រហារដ៏ឃោរឃៅមួយនៅទីក្រុង Lewiston នៃរដ្ឋ Maine សហរដ្ឋអាម៉េរិកទូរទស្សន៍ CNN បានរាយការណ៍អំពីហេតុការដ៏រន្ធត់នេះ។

ប៉ូលិសរដ្ឋ Maine និងតម្រួតក្នុងស្រុកបានរាយការណ៍ថា មានការបាញ់ប្រហារយ៉ាងសាហាវកាលពីយប់ថ្ងៃពុធ ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ប៉ូលិសរដ្ឋ Maine បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “មានខ្មាន់កាំភ្លើងដ៏សកម្មម្នាក់នៅ Lewiston”ដែលប៉ូលិសកំពុងស្វែងរកចាប់ខ្លួន អ្នករស់នៅទីនេះសូមស្ថិតនៅក្នុងផ្ទះរបស់អ្នកដោយបិទទ្វារឲ្យជិត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតនៅតាមទីតាំងជាច្រើន”។

ការិយាល័យតម្រួតខោនធី Androscoggin បានបង្ហោះរូបថតពីរសន្លឹករបស់ជនសង្ស័យម្នាក់នៅលើហ្វេសប៊ុក ដោយនិយាយថាគាត់មានមាឌធំ។

ស្នងការ​ខេត្ត​បាន​អំពៀវនាវដល់សាធារណជនឲ្យចូលរួម​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​មាន​រូបភាព​ជា​បុរស​មាន​ពុកមាត់​ពាក់​អាវ​ដៃវែង និង​ខោ​ខូវប៊យ​កាន់​កាំភ្លើង​ក្នុងដៃ​នៅនឹងកន្លែងកើតហេតុ​។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Central Maine ក្នុងទីក្រុង Lewiston បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនកំពុង “ប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងព្រឹត្តិការណ៍បាញ់ប្រហារដ៏ឃោឃៅនេះ” និងបានសម្របសម្រួលជាមួយនឹងមន្ទីរពេទ្យក្នុងតំបន់ដើម្បីជួយអ្នករងរបួស។

Lewiston គឺជាផ្នែកមួយនៃ Androscoggin County និងមានចម្ងាយប្រហែល ៥៨ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងដ៏ធំបំផុតរបស់ Maine គឺ Portland ។

កាសែត The Sun Journal ដែលដកស្រង់សម្តីអ្នកនាំពាក្យប៉ូលិស Lewiston បានរាយការណ៍ពីការបាញ់ប្រហារនៅក្នុងតំបន់ប្រកបអាជីវកម្មបីកន្លែងដាច់ដោយឡែកពីគ្នាគឺ Sparetime Recreation, Schemengees Bar & Grille Restaurant និងមជ្ឈមណ្ឌលចែកចាយ Walmart ។

មន្ត្រីសហរដ្ឋអាម៉េរិកម្នាក់បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្រធានាធិបតី Joe Biden ត្រូវបានផ្តល់ព័ត៌មានសង្ខេប ហើយនឹងបន្តទទួលបានព័ត៌មានថ្មីៗថែមទៀត។

អភិបាលរដ្ឋ Maine លោកស្រីJanet Mills បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីត្រូវបានគេរាយការណ៍ដោយសង្ខេបអំពីព្រឹត្តិការណ៍បាញ់ប្រហារដ៏ឃោរឃៅនេះ។

ការបាញ់សម្លាប់នេះគឺជាការវាយប្រហារដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាម៉េរិកចាប់តាំងពីខែឧសភាឆ្នាំ ២០២២ នៅពេលដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបានសម្លាប់កុមារ ១៩ នាក់ និងគ្រូបង្រៀនពីរនាក់ នេះបើយោងតាមបណ្ណសារស្តីអំពីអំពើហិង្សាដោយប្រើប្រាស់កាំភ្លើង។

ស្ថិតិបាញ់ប្រហារនៅសហរដ្ឋអាម៉េរិកដែលមានមនុស្សចាប់ពី ៤ នាក់ឬច្រើននាក់បានកើនឡើងចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០២០ គឺមាន ៦៤៧ ករណីដែលបានកើតឡើងនៅឆ្នាំ ២០២២ និង ៦៧៩ ករណីត្រូវបានព្យាករណ៍ថានឹងកើតឡើងនៅឆ្នាំ ២០២៣ ដោយផ្អែកលើទិន្ន័យគិតត្រឹមខែកក្កដានេះបើយោងតាមបណ្ណសារ។

ការបាញ់ប្រហារដ៏សាហាវបំផុតរបស់អាម៉េរិកត្រូវបានចុះក្នុងកំណត់ត្រាស្តីពីការសម្លាប់រង្គាលលើមនុស្សចំនួន ៥៨ នាក់ដោយខ្មាន់កាំភ្លើងម្នាក់បានចូលទៅបាញ់ប្រហារមនុស្សនៅក្នុងពិធីបុណ្យតន្ត្រីនៅ Las Vegas Country នៅក្នុងសណ្ឋាគារមួយកាលពីឆ្នាំ២០១៧ ៕

ប្រភព៖ Reuters