អន្តរជាតិ

ការបណ្តេញរដ្ឋមន្ត្រីការពារជាតិចិនបានឆ្លុះបញ្ជាំងពីវិបត្តិដ៏ចាក់ស្រេះរបស់លោក Xi Jinping

ប្រែសម្រួល៖សហការី

បន្ទាប់ពីអវត្តមានអស់រយៈពេលជាងពីរខែ លោក Li Shangfu ត្រូវបានប្រកាសជាផ្លូវការថាគាត់ត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិរបស់ចិនកាលពីថ្ងៃអង្គារ ទី ២៤ ខែតុលា។ ករណីនេះត្រូវបានបញ្ចប់ការសង្ស័យជាច្រើនសប្តាហ៍ប៉ុន្តែនៅតែមានចោទជាសំណួរថ្មីៗអំពីវេទិការនយោបាយរបស់មេដឹកនាំចិនលោកប្រធានាធិបតី Xi Jinping។

នេះ​ជាការ​បណ្តេញចេញ​លើក​ទី​ពីរ​ក្នុង​រយៈពេល​បី​ខែ​៖ បន្ទាប់ពីលោក Qin Gang ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​​រដ្ឋមន្ត្រីការបរទេស​ភ្លាមៗ​កាលពី​ខែកក្កដា នៅក្រោយពេល​អវត្តមាន​ដ៏​អាថ៌កំបាំង​ស្រដៀង​គ្នា​នេះ​ដែរ។ បុរសទាំងពីរនាក់ឥឡូវនេះគឺជាមេដឹកនាំដែលជាប់បម្រើការងារដ៏ខ្លីបំផុតរបស់ប្រទេសចិនក្នុងសម័យកាលដ៏រំជើបរំជួលនេះ។

  • នយោបាយមិនយោគយល់លើភាពស្មោះត្រង់

មិនមានភ័ស្តុតាងណាមួយបានបញ្ជាក់ថា ឧត្តមសេនីយ លី ត្រូវបានដកចេញ ដោយសារតែភាពមិនស្មោះត្រង់ខាងនយោបាយរបស់គាត់នោះទេ។ “ព្រះជាម្ចាស់” អង្គភាពយោធាដែលជាម៉ែជាឪរបស់គាត់ធ្លាប់បានចូលរួមនៅក្នុងអំឡុងខែមីនាគាត់គឺជាឧត្តមសេនីយដ៏គួរឱ្យទុកចិត្តបំផុតម្នាក់របស់លោក Xi ដែលតែងតាំងផ្លោះរំលងឋានៈបានយ៉ាងឆាប់រហ័សតាមរយៈខ្សែរបស់លោក Xi ។

គាត់បានមើលការខុសត្រូវលើការរចនា និងលទ្ធកម្មអាវុធ ហើយបានដឹកនាំចក្ខុវិស័យរបស់លោក Xi ក្នុងការធ្វើទំនើបកម្មយោធា។ គាត់គឺជាអ្នកដឹកនាំជើងចាស់លើកម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ចិន ដោយគ្រប់គ្រងបេសកកម្មអវកាសជាច្រើន។ កាលពីខែមីនា លោកបានជំនួសលោក Wei Fenghe ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ។

ក្នុងនាម​ជា​ឥស្សរជន​​យោធា លោក​បាន​បង្ហាញនូវ​ភាពស្មោះត្រង់​ផ្នែក​នយោបាយ​ចំពោះ​លោក Xi។ នៅក្នុងដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទីក្រុងមូស្គូក្នុងខែមេសា ឧត្តមសេនីយ៍ Li ត្រូវបានគេរាយការណ៍ថាបានហៅប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ថាជាមេដឹកនាំ “មិនធម្មតា” ដែលបានធ្វើការ “រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាពពិភពលោក” ដោយបានពង្រឹងការប្តេជ្ញាចិត្តរបស់លោក Xi ចំពោះភាពជាដៃគូ “គ្មានដែនកំណត់” ជាមួយរុស្ស៊ី។

  • មានអំពើពុករលួយលាក់ខ្លួនក្នុងកងកម្លាំងរ៉ុក្កែតដែឬទេ?

ភាពស្មោះត្រង់ខាងនយោបាយនោះមិនគ្រប់គ្រាន់ទេក្នុងការជួយសង្គ្រោះ Li Shangfu នៅពេលនេះ ដោយសារបង្កឲ្យមានកំហុសដ៏ធ្ងន់ធ្ងរ។ របាយការណ៍របស់រ៉យទ័រកាលពីខែកញ្ញាបាននិយាយថាគាត់ស្ថិតនៅក្រោមការស៊ើបអង្កេតអំពើពុករលួយលើការទិញឧបករណ៍យោធា។

ទំនង​ជា​ការ​ធ្លាក់​ចុះ​របស់​ឧត្តមសេនីយ Li គឺ​ទាក់​ទង​នឹង​ការ​រុះរើ​យោធា​សំខាន់ៗ​ថ្មីៗ​នេះ។ កាលពីថ្ងៃទី ៣១ ខែកក្កដា មន្ត្រីកងទ័ពរំដោះប្រជាជន (PLA) ពីរនាក់ដែលមិនមានប្រវត្តិខាងនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងត្រូវបានដំឡើងឋានៈជាឧត្តមសេនីយឯកដោយអគ្គមេបញ្ជាការ Xi Jinping ។

អតីតមេបញ្ជាការរងនៃកងនាវាចរ PLA លោក Wang Houbin ត្រូវបានដាក់ឱ្យទទួលបន្ទុកលើកងកម្លាំងរ៉ុក្កែត ជំនួសលោក Li Yuchao ដែលជាអ្នកជំនាញផ្នែកយោធានៅក្នុងតំបន់នេះ។ ហើយ​អតីត​ស្នងការ​នយោបាយ​នៃ​បញ្ជាការដ្ឋាន​មហោស្រព​ភាគខាងត្បូង Xu Xisheng បាន​ជំនួស​លោក Xu Zhongbo ជា​ស្នងការ​នយោបាយ​នៃ​កងកម្លាំង​រ៉ុក្កែត។ Li Yuchao និង Xu Zhongbo ដែលចូលនិវត្តន៍ក្នុងអាយុ ៦៥ ឆ្នាំ។

អ្នកស្នងតំណែងមុនរបស់លោក Li Shangfu គឺលោក Wei Fenghe ដែលជាអតីតមេបញ្ជាការកងកម្លាំងរ៉ុក្កែតកាលពីពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ក៏អវត្តមានក្នុងពិធីជប់លៀងរដ្ឋកាលពីថ្ងៃទី ២៨ ខែកញ្ញា ក្នុងពេលប្រារព្ធខួបលើកទី ៧៤ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែរឬគេជឿថាលោកក៏មានជាប់ពាក់ព័ន្ធផងដែរនៅក្នុងការស៊ើបអង្កេតអំពើពុករលួយ។

  • លោក ស៊ី ជីនភីង ចេញបទបញ្ជាកាន់តែស្រួចស្រាវហើយស៊ីជ្រៅ

អ្នកជំនួសឧត្តមសេនីយ៍ Li នៅមិនទាន់បានជ្រើសរើសនៅឡើយទេហើយនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីបញ្ហាចាក់ស្រេះកាន់តែស៊ីជម្រៅដែលលោក Xi Jinping កំពុងតែប្រឈមមុខ។ នៅខណៈពេលដែលលោក Qin Gang ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែកក្កដា អ្នកស្នងតំណែងមុនរបស់គាត់ Wang Yi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី។

ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនកាលពីខែតុលាឆ្នាំ ២០២២ លោក Xi បានក្តោបអំណាចបានយ៉ាងទូលំទូលាយសម្រាប់គាត់។ សមាជ​នេះ​មាន​លក្ខណៈ​គួរ​ឲ្យ​កត់​សម្គាល់​លើ​ការ​ក្តោបអំណាចរលើស​ពីរ​អាណត្តិគឺដល់អាណត្តិ​ទី​បីដែល​មិន​ធ្លាប់​មាន​ដូច​លោក Xi ក្នុង​នាម​ជា​អគ្គ​លេខា​ធិការ​បក្ស និង​ការបណ្តេញ​អតីត​ប្រធានាធិបតី Hu Jintao ចេញ​ពី​មហា​សាលកន្លងទៅ។

លោក Xi បានកម្ចាត់កម្ចាយគូប្រជែងដ៏មានសក្តានុពលរបស់គាត់បានយ៉ាងមានប្រសិទ្ធភាពនៅក្នុងការិយាល័យនយោបាយមជ្ឈឹមបក្ស ដោយនៅជុំវិញខ្លួនគាត់នៅសេសសល់តែក្រុមអ្នកស្មោះត្រង់។ ប៉ុន្តែ​ឥឡូវ​នេះ គាត់​កំពុង​តែ​ប្រឆាំង​នឹង​ពួកគេ​មួយ​ចំនួនដែលជាក្រុមអ្នកស្មោះត្រង់​ដោយសារ​តែផុងខ្លួន​និងពី​អំពើ​ពុករលួយ។ វាពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកអ្នកដែលស្មោះត្រង់ និងស្អាតស្អំក្នុងជួរយោធា និងជួមន្ត្រីរបស់ចិន។

បេក្ខជនដែលមានសក្តានុពលមួយចំនួនសម្រាប់ការជំនួសឧត្តមសេនីយ៍ Li រួមមានឧត្តមសេនីយ៍ Zhang Youxia ដែលជាអនុប្រធានទីមួយនៃគណៈកម្មាធិការយោធាកណ្តាល (CMC); ឧត្តមសេនីយ៍ He Weidong អនុប្រធានទីពីរនៃ CMC; និងឧត្តមសេនីយ៍ Li Zhenli អគ្គសេនាធិការ។

ប៉ុន្តែ​ជាក់ស្តែងមិនមានអ្នក​ណាមួយ​ទទួលបាន​ការទុកចិត្ត​ពី​លោក Xi គ្រប់គ្រាន់​សម្រាប់ការ​តែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ភ្លាមៗ​នៅពេលនេះ​ទេ។ បេក្ខជនពិតប្រាកដម្នាក់ប្រហែលជាត្រូវមកពីក្នុងជួរយោធា ដែលនឹងត្រូវមានភាពស្មោះត្រង់ និងស្អាតស្អំពិតប្រាកដសម្រាប់ពេលបច្ចុប្បន្ន។

ជាការចាំបាច់ដែលចិនត្រូវរៀបចំកិច្ចការផ្ទៃក្នុងរបស់ខ្លួន ជាពិសេសនៅពេលនិយាយអំពីមេដឹកនាំកំពូលរបស់ខ្លួន។ ល្បែងលាក់កំបាំងនេះនឹងបញ្ឆេះតែពាក្យចចាមអារ៉ាមអំពីភាពរញ៉េរញ៉ៃផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យមិនមានទំនុកចិត្តលើប្រទេសចិនជាមហាអំណាចដែលមានការទទួលខុសត្រូវនៅលើឆាកអន្តរជាតិ។

សាស្ត្រាចារ្យ Bo Zhiyue គឺជាស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Bo Zhiyue China ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលផ្តល់សេវាកម្មដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងនាយកប្រតិបត្តិនៃសាជីវកម្មពហុជាតិសាសន៍ និងជាអ្នកនិពន្ធអំពីនយោបាយឥស្សរជនរបស់ប្រទេសចិនបាននិយាយដូច្នេះ៕

ប្រភព៖ CNA