អន្តរជាតិ

លោកXi Jinpingនិយាយថាចិនមានឆន្ទៈសហការជាមួយអាមេរិកក្នុងគោលបំណងផ្សះផ្សារការខ្វែងគំនិតគ្នា

ប្រែសម្រួល៖សហការី

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញសេចក្តីថ្លែងការនៅក្នុងថ្ងៃពុធ ទី២៥ ខែតុលា នេះថា ប្រទេសចិនមានឆន្ទៈសហការជាមួយសហរដ្ឋអាមេរិកដើម្បីផ្សះផ្សាការខ្វែងគំនិតគ្នានិងឈានទៅធ្វើការរួមគ្នាដើម្បីជាកិច្ចឆ្លើយតបទៅនឹងបញ្ហាប្រឈមជាលក្ខណៈសកលនៅលើពិភពលោក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។

លោក Xi បានបញ្ជាក់អំពីគោលជំហររបសចិនក្នុងលិខិតមួយថា ថាតើសហរដ្ឋអាមេរិក និងចិនអាចបង្កើតវិធីសាស្ត្ររួមដ៏ “ត្រឹមត្រូវមួយ” ដើម្បីឲ្យមានភាពចុះសម្រុងនិងគ្នាដែលមានសារសំខាន់ចំពោះពិភពលោកឬមួយយ៉ាងណា? លោក Xi បាននិយាយនៅក្នុងលិខិតមួយនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក។

ការអំពាវនាវរបស់លោក Xi សម្រាប់ទំនាក់ទំនងទ្វេភាគីរវាងចិននិងអាមេរិកស្នើឲ្យមានការធានានូវស្ថិរភាពបន្ថែមទៀត ដែលលោកសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែឈរលើគោលការណ៍រួមមួយដោយមាន “ការគោរពគ្នាទៅវិញទៅមកស្មើភាពគ្នានិងដាក់ចិត្តរួមរស់ក្នុងសន្តិភាពជាមួយគ្នា និងលើកកំពស់សហប្រតិបត្តិការដើម្បីឈ្នះ-ឈ្នះទាំងអស់គ្នា” ការចេញសារនេះបានកើតឡើងមុនពេលដំណើរទស្សនកិច្ចដ៏សំខាន់របស់រដ្ឋមន្ត្រីការបរទេស Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍។

ការចេញដំណើរចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍របស់អ្នកការទូតកំពូលរបស់ចិននឹងក្លាយជាការចូលរួមផ្ទាល់កម្រិតកំពូលនៅមុនកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងលោក Xi នៅសាន់ហ្វ្រាន់ស៊ីស្កូនៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅខែវិច្ឆិកា។

មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយសមភាគីចិននៅទីក្រុងប៉េកាំងកាលពីរដូវក្តៅកន្លងទៅ។

អាទិភាពចម្បងរបស់អាមេរិកគឺដើម្បីធានាឱ្យមានការប្រកួតប្រជែងដ៏ត្រឹមត្រូវរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកដែលមានការខ្វែងគំនិតគ្នានៅជុំវិញបញ្ហាជាច្រើនដូចជាជម្លោះពាណិជ្ជកម្ម បញ្ហាពាកព័ន្ធនឹងកោះតៃវ៉ាន់ហើយនិងសមុទ្រចិនខាងត្បូងដែលមិនត្រូវបង្កឲ្យក្លាយជាជម្លោះបន្ថែមទៀតនោះទេ។

“អ្នកសង្កេតការណ៍ចិនជឿថា ដំណើរទស្សនកិច្ចលោក Wang នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំដែលអាចធ្វើទៅបានរវាងប្រមុខរដ្ឋទាំងពីរ ប៉ុន្តែគាត់បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែខិតខំប្រឹងប្រែងដើម្បីដោះស្រាយកង្វល់របស់ទីក្រុងប៉េកាំង និងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន” នេះបើយោងតាមសារពត៍មាន Global Times ដែលគ្រប់គ្រងដោយរដ្ឋចិនបានធ្វើអត្ថាធិប្បាយដូច្នេះ៕

ប្រភព៖ Reuters/rc