អន្តរជាតិ

មេដឹកនាំចិនប្រើកណ្តាប់ដៃដែកប្រកាសដកលោកLi Shangfuពីរដ្ឋមន្ត្រីការពារជាតិជាផ្លូវការ

ដោយ៖សហការី

ប៉េកាំង៖ នៅទីបំផុតរដ្ឋាភិបាលចិនបានដកលោក Li Shangfuដែលគេស្គាល់ថាដើមឡើយជាមនុស្សដ៏ទុកចិត្តម្នាក់របស់លោក Xi Jinping ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា នេះជាការទម្លាក់មេដឹកនាំជាន់ខ្ពស់ជាលើកទីពីរនៅក្នុងរយៈពេលបីខែកន្លងមកនេះ។

ចំណែកឯលោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវបានដកហូតតំណែងពីទីប្រឹក្សារដ្ឋផងដែរកាលពីថ្ងៃអង្គារ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សមាជិកសភាកំពូលរបស់ប្រជាជនចិន និងជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិបានអនុម័តលើការដកតំណែងបុរសទាំងពីរនាក់នេះ។

នៅមិនទាន់​មាន​ការ​ពន្យល់លម្អិត​ណាមួយដែលត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​ការ​ដក​តំណែងទាំង​នោះ​ទេ​។ ជាមួយនោះក៏នៅមិនទាន់ឃើញមានអ្នកជំនួសលោក Li ត្រូវបានតែងតាំងនៅឡើយដេរ ដោយទុកដំណែងនេះនៅចំហដោយគ្មានរដ្ឋមន្ត្រីការពារជាតិថ្មីជំនួសនៅឡើយទេ ខណៈដែលចិនត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីការពារជាតិនៅឯវេទិកា Xiangshan នៃទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលាខាសងមុខនេះ។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Wang Zhigang និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Liu Kun ក៏ត្រូវបានដកចេញពីមុខតំណែងផងដែរ ហើយដាក់ជំនួសដោយលេខាធិការគណបក្សក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន លោក Yin Hejun និងលេខាធិការគណបក្សក្រសួងហិរញ្ញវត្ថុ Lan Fo’an រៀងៗខ្លួន។

សូមបញ្ជាក់ថា លោក Li Shangfu អាយុ ៦៥ ឆ្នាំបានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈកាលពីពីរខែមុននៅពេលដែលគាត់បានខកខានក្នុងការប្រជុំនៅប្រទេសវៀតណាម។

Reuters បានរាយការណ៍កាលពីខែមុនថាគាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយទាក់ទងនឹងលទ្ធកម្ម និងការអភិវឌ្ឍន៍ឧបករណ៍យោធា។

Li ត្រូវបានតែងតាំងកាលពីខែមីនាគាត់ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយអ្នកការទូត និងអ្នកសង្កេតការណ៍ផ្សេងទៀត ពីព្រោះដូចជាលោក Qin គាត់ក៏ជាទីប្រឹក្សារដ្ឋមួយរូបក្នុងចំណោមទីប្រឹក្សារដ្ឋទាំងប្រាំរបស់ប្រទេសចិន ដែលជាតំណែងគណៈរដ្ឋមន្ត្រីដែលមានឋានៈខ្ពស់ជាងរដ្ឋមន្ត្រីធម្មតា។

លោក​បាន​លេចធ្លោ​ក្នុងការ​បង្កើនសម្ថភាព​នៃកងកម្លាំង​យោធា​របស់​លោក​ប្រធានាធិបតី Xi Jinping ក្នុង​អំឡុង​ពេល​កាន់​អំណាច​អស់មួយ​ទសវត្សរ៍​របស់​លោក ខណៈ​ដែលទំនាក់ទំនង​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​បញ្ហា​ដោយសាជម្លោះ​តៃវ៉ាន់។

អ្នកជំនាញបាននិយាយថា ក្នុងនាមជាវិស្វករអវកាសម្នាក់ ដែលបានធ្វើការលើកម្មវិធីផ្កាយរណបរបស់ប្រទេសចិន ប្រវត្តិរបស់លោក Li ក្នុងនាមជាអ្នកបច្ចេកទេសគឺមានប្រយោជន៍ក្នុងការបំពេញគោលដៅរបស់លោក Xi សម្រាប់កងទ័ពរំដោះប្រជាជន PLA ។

នៅក្នុងឆ្នាំ ២០១៨ លោក Li ត្រូវបានគេតែងតាំងជាមេបញ្ជាការរងនៃកងកម្លាំងគាំទ្រយុទ្ធសាស្ត្រដែលកំពុងបង្កើនសមត្ថភាពសម្រាប់ PLA ដែលជាក្រុមឥស្សរជនមានភារកិច្ចក្នុងការពន្លឿនការអភិវឌ្ឍសមត្ថភាពកងអវកាស និងសង្គ្រាមបច្ចេកវិទ្យារបស់ចិន។បន្ទាប់មកគាត់បានដឹកនាំអង្គភាពលទ្ធកម្មយោធាពីឆ្នាំ ២០១៧ រហូតដល់គាត់បានក្លាយទៅជារដ្ឋមន្ត្រីការពារជាតិ។

នៅក្នុងការជូនដំណឹងដ៏កម្រមួយនៅក្នុងខែកក្កដា អង្គភាពនេះបាននិយាយថា ខ្លួនកំពុងធ្វើការបោស “សម្អាត” អំពើរពុតរលួយហើយបានអំពាវនាវដល់សាធារណជនឱ្យរាយការណ៍អំពីភាពមិនប្រក្រតីដែលមានតាំងពីឆ្នាំ ២០១៧ ។ នៅមិនទាន់មានការធ្វើបច្ចុប្បន្នភាពលើការរកឃើញនូវកំហុសដែលអាចកើតមាននោះនៅឡើយទេ៕

ប្រភព៖ Reuters/CNA