សន្ដិសុខសង្គម

ពលរដ្ឋដើរជាន់មីនផ្ទុះដាច់ជើងនៅតាមព្រំដែនកម្ពុជា-ថៃ

ដោយ:សុខុម
បន្ទាយមានជ័យ: ពលរដ្ឋម្នាក់ដើរបេះបន្លែព្រៃ នៅតាមព្រៃក្បែរព្រំដែនកម្ពុជា-ថៃ ចៃដន្យជាន់ចំមីនផ្ទុះ បណ្ដាលឲ្យដាច់ជើងរងរបួសធ្ងន់កាលពីវេលាម៉ោង១:២១នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


ក្រោយមានរឿងនេះកើតឡើង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៨០៧ សហការជាមួយកម្លាំងយោធា អាជ្ញាធរពាក់ព័ន្ធ ចុះជួយអន្តរាគមន៍ នាំយកបញ្ជូនជនរងគ្រោះទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។


លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខរបរជាកសិករ ។


លោកមេបញ្ជាការបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើររកបេះបន្លែព្រៃ រកដកផ្សិត និងជីកទំពាំង បានជាន់មីនដែលសល់ពីសម័យសង្គ្រាម ផ្ទុះបណ្តាលឲ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮ​សំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១ សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ​ដោយនាំគ្នា​យកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ហើយបានបញ្ជូនបន្តទៅ​មន្ទីរពេទ្យ៕