សន្ដិសុខសង្គម

បញ្ជូនអ្នកជួញដូរគ្រឿងញៀន២នាក់មានគ្រឿងញៀនជាងកន្លះគីឡូក្រាមទៅតុលាការ

ដោយ៖សហការី

បាត់ដំបង៖ សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ទៅកាន់ តុលាការដើម្បីផ្តន្ទាទោស ក្រោយបង្ក្រាបនិងរឹបអូសវត្ថុតាងគ្រឿងញៀនជាង កន្លះគីឡូក្រាម ក្នុងស្រុករតនមណ្ឌល។

នគរបាលបានបញ្ជាក់ឲ្យដឹងថា មុខសញ្ញាល្មើសច្បាប់ទាំង២នាក់ត្រូវបានកម្លាំង ជំនាញកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្រោយសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន សហការគ្នាបង្ក្រាបបានកាលពីថ្ងៃទី២៣ ខែតុលាកន្លងមកនេះនៅ ត្រង់ចំណុចស្រុករតនមណ្ឌល។

ជនសង្ស័យមានឈ្មោះគឹម សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះសន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទាំង២នាក់មានទីលំនៅ​ក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា មុខសញ្ញាល្មើសខាងលើក្រោយពីការតាមដានជាសម្ងាត់ រួចកំណត់មុខសញ្ញាយ៉ាងយកចិត្តទុកដាក់ កម្លាំងពាក់ព័ន្ធបានចុះឆ្មក់ស្ទាក់ចាប់តែម្តង​ខណ:ពេលដែលក្រុមជនសង្ស័យកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀន៕