ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្រៀមស្តង់លក់ទំនិញជាង១០០កន្លែងដើម្បីអបអរបុណ្យចេញព្រះវស្សានៅចុងខែនេះ

ដោយ៖គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានត្រៀមស្តង់លក់ទំនិញ និងពិព័រណ៍សរុបចំនួន ១១០ កន្លែង ដើម្បីអបអរសារទរបុណ្យចេញព្រះវស្សា ដែលបានរៀបចំឡើងនៅ ខាងក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨-២៩ តុលានេះ។

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៤ តុលានេះថា ស្តង់ពិព័រណ៍ទាំង ១១០ កន្លែង ដែលស្តង់នីមួយៗ មានទំហំ បួនម៉ែត្រ បួនជ្រុង គឺមានៈ ស្តង់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពមានចំនួន ៣៥ ស្តង់ដែលនឹងដាក់តាំង បង្ហាញពីសមិទ្ធផលរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព ដែលសម្រេចបាន ក្នុងរយៈពេលឆ្នាំកន្លងមក និងផលិផល ឬកសិផលសក្តានុពល។


លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តនេះបានឱ្យដឹងទៀតថា ជាស្តង់ផលិតផលភូមិមួយ ផលិតផលមួយ មានចំនួន ២៥ ស្តង់ដែលមានដូចជា ស្រាចេក,ស្ករចេក,គ្រាប់ស្វាយចន្ទីលីង,នំខ្មែរ,ត្រីងៀត,ចេកឆាប,ឆ្នាំងចាក់អាលុយមីញ៉ូម,ផលិតផលធ្វើអំពីឬស្សី,ម្ទេសខ្មែរ,រពីងបំពង, សាច់ផាត់,ទឹកឃ្មុំ,ស្ករត្នោត,ប្រេងស្លឹកគ្រៃ,ហូលផាមួង,ឆៃប៉ូវ,ត្រសក់ចាវ,បន្លែ,ផ្លែឈើ,វត្ថុអនុស្សាវីយ៍,ប្រហិត,ប៉ាតេខ្មែរ,ទឹកដោះគោ,អង្ករ…ជាដើម។ ក្រៅពីនោះក៏មានដែរស្តង់ផលិតផល​ប្រើប្រាស់ទូទៅមានចំនួន ៤០ និងស្តង់លក់ចំណីអាហារចំនួន ១០ ទៀត។


លោកបានបន្តថា ចំនួនស្តង់ពិព័រណ៍ឆ្នាំនេះមានកើនឡើងបន្តិចបន្តួចពីចំនួន ១០៥ ស្តង់​ក្នុងកម្មវិធីបុណ្យចេញព្រះវស្សាដូចគ្នា ទៅចំនួន ១១០ ស្តង់ លើស្តង់ផលិតផលរបស់ខ្មែរថ្មី ដែលប្រជាកសិករគាត់ទើបផលិតបាន នៅតាមមូលដ្ឋាន។


សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម សូមជូនដំណឹងដល់ លោក លោកស្រី អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ សាធារណជនទូទៅមេត្តាជ្រាបថា៖ ដើម្បីថែរក្សាប្រពៃណីពីបរមបុរាណដ៏យូរលង់មកហើយ នៅថ្ងៃបុណ្យចេញព្រះវស្សា រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប អុចកាំជ្រួច តាំងពិព័រណ៍ និងការប្រគំតន្ត្រី នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣៕