សន្ដិសុខសង្គម

មិនទាន់រកឃើញរថយន្តបង្កបុកម៉ូតូស្លាប់ពីរនាក់ប្តីប្រពន្ធហើយរត់បាត់

ដោយៈសុខុម
ភ្នំពេញ: រថយន្តមួយគ្រឿងបានបុកម៉ូតូជិះអូសរុឺម៉កពីក្រោយបណ្ដាលឱ្យស្លាប់ ទាំងពីរនាក់ប្ដីប្រពន្ធកាលពីវេលាម៉ោង ៣យប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិចោមចៅ ២ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ សមត្ថកិច្ចស្វែងរករថយន្តបង្កគ្រោះថ្នាក់​មិនទាន់ឃើញនៅឡើយទេ។


សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឈើន គឹមស៊ាង អាយុ៥០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធមានឈ្មោះ ឃុត គឹមស្រ៊ុន អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ​អ្នកទាំងពីរមានមុខរបរ​លក់សាច់ជ្រូក ស្នាក់នៅបន្ទប់ជួលជិតផ្សារជម្ពូវ័ន មានស្រុកកំណើតនៅភូមិរាមអណ្តើក ឃុំរាមអណ្តើក ស្រុកគីរីវង់ ខេត្តតាកែវ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញពីរនាក់ប្ដីប្រពន្ធ បើកម៉ូតូសណ្ដោង​រុឺម៉ក ម៉ូតូម៉ាកឌ្រីមសង់ សេ125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GE.7880 តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកពីក្រោយបានមកបុកពេញទំហឹងផ្លោងខ្ទាតប្ដីទៅចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ ស្លាប់យ៉ាង​អាណោចអាធ័មនិងប្រពន្ធស្លាប់នៅចិញ្ចើមផ្លូវ។ រុឺម៉កម៉ូតូខ្ទាតទៅប៉ះផ្លាកសញ្ញាចរាចរណ៍​បាក់អស់មួយដើមនៅលើចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ ។ក្រោយបង្កហេតុភ្លាម​រថយន្តបាន​បើករត់បាត់ស្រមោលតែម្តង។


តាមប្រភពអ្នកស្គាល់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធគាត់ងើបពីភ្លឺ រៀងរាល់ថ្ងៃចេញពីបន្ទប់ជួលនៅជិតផ្សារជម្ពូវ័នទៅយកសាច់ជ្រូកនៅកុងស៊ីកាប់ជ្រូកបឹងក្រពើយកទៅលក់នៅផ្សារជម្ពូវ័ន។នៅថ្ងៃនេះបែរជាជួបគ្រោះថ្នាក់ចរាចរស្លាប់ចោល​កូនពីរនាក់ឲ្យនៅកំព្រា។


ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យបានចុះមកយកមធ្យោបាយ​ទៅរក្សាទុក ចំណែក សពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅ​ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕