សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យទៅតុលាការ ពីបទប្រើចបជីកវាយបុរសម្នាក់ឱ្យស្លាប់

ដោយ៖វិចិត្រ
កែប៖ ជនសង្ស័យបានប្រើចបជីកវាយបុរសម្នាក់ឱ្យស្លាប់ ករណីមានជម្លោះពេលផឹកស៊ី ហើយរត់គេចបាត់ ត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួន និងបញ្ជូនទៅ តុលាការកាលពីថ្ងៃទី២៣ ខែតុលា។ ករណីឃាតកម្មនេះបានកើតទ្បើងនៅម្តុំចម្ការស្វាយ ភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។


សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានដំណឹងថា មានអំពើឃាតកម្មភ្លាម កម្លាំងអាវុធហត្ថស្រុកដំណាក់ចង្អើរបានបើកការស្រាវជ្រាវ រហូតចាប់ជនសង្ស័យឈ្មោះ វុធ ម៉ៅ អាយុ២៨ឆ្នាំ ជាកម្មករចម្ការម្រេច ពាក់ព័ន្ធករណីឃាតកម្ម។

ប្រភពដដែលបានបន្តថា មុនកើតហេតុ ជនសង្ស័យបានប្រើចបជីកវាយបុរសឈ្មោះ ឃន នេន អាយុ៣៧ឆ្នាំជាកម្មករចម្ការម្រេចដូចគ្នា ចំក្បាល២កន្លែងបណ្ដាលឱ្យ ជនរងគ្រោះ ស្លាប់ភ្លាម ហើយក៏បានរត់គេចខ្លួន។ មូលហេតុជនសង្ស័យខឹងជនរងគ្រោះវាយខ្លួន ២ដៃចំមុខពេលផឹកស៊ី។

បន្ទាប់ពីកើតហេតុ មន្ត្រីផ្នែកជំនាញ និងគ្រូពេទ្យបានចុះពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកជនសង្ស័យសមត្ថកិច្ចតាម ចាប់បាន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕