អន្តរជាតិ

តម្លៃប្រេងហក់ឡើងវិញដោយសាស្ថានភាពសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាសប្រែប្រួលមិនច្បាស់លាស់

ប្រែសម្រួល៖សហការី

​តូក្យូ៖តម្លៃប្រេងបានឡើងថ្លៃក្នុងការជួញដូរលើទីផ្សារអាស៊ីកាលពីថ្ងៃអង្គារ ដោយបានស្ដារឡើងវិញនូវការខាតបង់មួយចំនួនកាលពីពេលមុន ក្នុងខណៈដែលអ្នកវិនិយោគនៅតែមានការបារម្ភខ្លាចសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់អាចរីករាលដាលទៅជាជម្លោះកាន់តែធំនៅក្នុងតំបន់ដែលមានការនាំចេញប្រេងជាហេតុបង្ករឱ្យមានការរំខានដល់ការផ្គត់ផ្គង់ជាដើម។

តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង ៧០ សេន ឬ ០.៨ ភាគរយស្មើនឹង ៩០.៥៣ ដុល្លារក្នុងមួយបារ៉ែលគិតមកត្រឹមម៉ោង 0032 GMT នៅខណៈពេលដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ៧១ សេន ឬ ០.៨ ភាគរយស្មើនឹង ៨៦.២០ ដុល្លារក្នុងមួយបារ៉ែល។

លោក Yuki Takashima សេដ្ឋវិទូនៅក្រុមហ៊ុន Nomura Securities បាននិយាយថា “តម្លៃប្រេងលើទីផ្សារបានកើនឡើងបន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងវគ្គទីពីរកន្លងមកដោយសាតែមានការភ័យខ្លាចថានឹងមានការរំខានដល់ការផ្គត់ផ្គង់ដែលអាចកើតមាននៅក្នុងតំបន់មជ្ឈិមបូព៌ា” ។

គោលដៅទាំងពីរបានធ្លាក់ចុះជាង ២ ភាគរយកាលពីថ្ងៃចន្ទ ដោយសារកិច្ចខិតខំប្រឹងប្រែងការទូតនៅមជ្ឈិមបូព៌ា ដែលជាតំបន់ផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ពិភពលោកដើម្បីទប់ស្កាត់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអាចបន្ធូរបន្ថយការព្រួយបារម្ភរបស់វិនិយោគិនលើការរំខានដល់សង្វាក់ផ្គត់ផ្គង់ប្រេង។

ក្រុមហាម៉ាស់កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែលពីរនាក់ដែលស្ថិតក្នុងចំណោមចំណាប់ខ្មាំងជាង ២០០ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី ៧ ខែតុលារបស់ខ្លួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ខណៈដែលប្រភពបាននិយាយថា សហរដ្ឋអាមេរិកបានណែនាំឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុកដោយទ័ពថ្មើរជើងចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ប៉ុន្តែ​អ៊ីស្រាអែល​បាន​បន្ត​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្កាហ្សា​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​បើក​ការ​វាយប្រហារ​តាម​អាកាស​លើ​ភាគខាងត្បូង​ប្រទេស​លីបង់អស់ពេល​ពេញមួយយប់កន្លងមក។

អ៊ីស្រាអែល​បាន​វាយលុក​គោលដៅ​រាប់រយ​នៅ​ហ្គាហ្សា​ពី​លើ​អាកាស​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ទាហាន​របស់​ខ្លួន​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាសនៅ​អំឡុង​ការ​វាយឆ្មក់​ចូល​ក្នុង​តំបន់​ប៉ាឡេស្ទីន​ដែល​បានឡោមព័ទ្ធ​ដែលធ្វើឲ្យ​មាន​ការ​ស្លាប់កាន់តែ​កើនឡើងថែមទៀតធ្វើឲ្យ​ជន​ស៊ីវិលស្លូតត្រង់​ត្រូវ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់បំផុត។

លោក Takashima បាននិយាយថា “យើងរំពឹងថា WTI នឹងប្រែប្រួលតម្លៃនៅចន្លោះ ៨០ទៅ៩០ដុល្លារ សម្រាប់ពេលមួយគឺអាស្រ័យទៅលើស្ថានភាពនៅអ៊ីស្រាអែល និង Gaza ផលិតកម្ម OPEC និងសន្ទុះនៃការងើបឡើងវិញនូវតម្លៃប្រេងគឺដោយសាមានតម្រូវការនៅក្នុងប្រទេសចិន” លោក Takashima បាននិយាយថា “អ្នកវិនិយោគក៏កំពុងផ្តោតលើសារពើភ័ណ្ឌរបស់សហរដ្ឋអាមេរិកផងដែរ។

ការស្ទង់មតិបឋមរបស់ Reuters បានបង្ហាញកាលពីថ្ងៃចន្ទថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងកើនឡើងកាលពីសប្តាហ៍មុន ខណៈដែលស្តុកប្រេង និងប្រេងសាំងមានការធ្លាក់ចុះជារួម។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅមុនរបាយការណ៍ចេញពីក្រុមឧស្សាហកម្មវិទ្យាស្ថានប្រេងអាមេរិកដែលត្រូវកំណត់នៅត្រឹមម៉ោង 2030 GMT នៅថ្ងៃអង្គារ និងព័ត៌មានថាមពល ដែលជាផ្នែកស្ថិតិនៃក្រសួងថាមពលសហរដ្ឋអាមេរិកនឹងកំណត់នៅត្រឹមម៉ោង 1430 GMT នៅក្នុងថ្ងៃពុធ។

ប្រភព៖ Reuters