សេដ្ឋកិច្ច

ចិនគ្រោងអនុម័តបំណុលបន្ថែមចំនួន ១៣៧ ពាន់លានដុល្លារ

ប្រែសម្រួល៖ សហការី

សារព័ត៌មានរ៉យទ័របានរាយការណ៏ថា ចិនគ្រោងអនុម័តបំណុលបន្ថែមលើសពី ១ ពាន់ពាន់លានយន់ ស្មើនឹង ១៣៧ ពាន់លានដុល្លារនៅថ្ងៃអង្គារនេះគឺនៅចំពេលដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការការចំណាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលជាការលើកទឹកចិត្តដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។

សមាជិកសភាជាន់ខ្ពស់ចិន ដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC)បាននិយាយថាចិនគ្រោងនឹងអនុម័តលើការចេញបំណុលបន្ថែមនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំដែលបាននិងកំពុងប្រព្រឹត្តចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែតុលានេះ។

ប្រភពពីរបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងប្រកាសផែនការនេះឱ្យបានឆាប់នៅចុងថ្ងៃអង្គារក្នុងការបញ្ចេញបំណុលនេះនៅក្នុងខែវិច្ឆិកា ដែលជាវិធានការរបស់រដ្ឋាភិបាលចិនក្នុងការជំរុញខឿនសេដ្ឋកិច្ចនៅក្នុងអំឡុងដែលកំពុងធ្លាក់ចុះ។

វិធានការដែលដាក់ចេញជាគោលនយោបាយថ្មីនេះអាចនឹងជួយជំរុញនូវសន្ទុះនៃការងើបឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសចិនជាបណ្តោះអាសន្នឲ្យកើនឡើងនៅក្នុងអត្រាមួយឲ្យបានលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣នេះ ខណៈដែលតម្រូវការប្រើប្រាស់ និងសកម្មភាពឧស្សាហកម្មនៅក្នុងខែកញ្ញាក៏មានការរីកចម្រើនដ៏គួឲ្យភ្ញាក់ផ្អើលផងដែរ។

អ្នកវិភាគបាននិយាយថា ការពង្រីកបំណុលនៅត្រីមាសទីបីនេះ ផ្តោតលើគោលដៅសម្រាប់កំណើនជាប្រចាំឆ្នាំរបស់រដ្ឋាភិបាលឲ្យបានប្រហែល ៥ ភាគរយទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ជិតពាក់កណ្តាលនៃប្រាក់ចំណូលដែលប្រមូលបានពីការចេញមូលបត្របំណុលបន្ថែមនឹងត្រូវចំណាយលើគម្រោងអភិរក្សទឹក និងវិធានការការពារទឹកជំនន់ ខណៈដែលចំនួនសេសសល់នឹងប្រើប្រាស់ជាចម្បងសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្រោយពេលមានគ្រោះមហន្តរាយ និងការរានដីស្រែដែលមានស្តង់ដារខ្ពស់។

ប្រទេសចិនដែលជួបប្រទះរដូវក្តៅនិងរដូវសើមខុសពីធម្មតានៅក្នុងឆ្នាំនេះ ជាមួយនឹងទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅក្នុងខេត្តភាគខាងជើង និងភាគឦសានរបស់ខ្លួន រហូតមកទល់នឹងពេលនេះ ភាគច្រើនពឹងផ្អែកលើមូលបត្របំណុលពិសេសរបស់រដ្ឋាភិបាលក្នុងតំបន់ ជាជាងបំណុលឯកជន ដើម្បីផ្តល់មូលនិធិសម្រាប់តម្រូវការហេដ្ឋារចនាសម្ព័ន្ធ។

វិធានការនេះបានជំរុញឱ្យថ្នាក់ដឹកនាំកំពូលរបស់ចិន និងរដ្ឋាភិបាលកណ្តាលបានប្តេជ្ញាចិត្តកាលពីខែសីហាក្នុងការពង្រឹងកិច្ចការពារទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅភាគខាងជើងនៃប្រទេស និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងទឹកជំនន់ និងគ្រោះរាំងស្ងួតទាំងនោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ខេត្ត Hebei អាចចំណាយពេលពីរឆ្នាំលើការកសាងឡើងវិញក្រោយទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុង Doksuri បានវាយលុកភាគខាងជើងប្រទេសចិនក្នុងខែសីហា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៩ នាក់ស្លាប់ និងបានចំណាយប្រាក់អស់ចំនួន ៩៥.៨ ពាន់លានយន់ទៅលើការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់នៅក្នុងតំបន់នោះ។

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋរបស់ចិនសម្រាប់ឆ្លើយតបនឹងសំណួរលើបណ្តាញផ្សព្វផ្សាយក្នុងនាមរដ្ឋាភិបាល នៅមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ។ NPC និងក្រសួងហិរញ្ញវត្ថុក៏នៅមិនទាន់បានឆ្លើយតបផងដែរ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា សភាចិនគ្រោងនឹងអនុម័តនៅសប្តាហ៍នេះលើមូលបត្របំណុលដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលនៅក្នុងតំបន់ដឹកនាំក្នុងផ្នែកមួយនៃកូតាអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ ២០២៤។

រហូតមកដល់ពេលនេះ អាជ្ញាធរចិនបានជៀសវាងការជំរុញសារពើពន្ធ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ទោះបីជាវិបត្តិអចលនទ្រព្យ និងបញ្ហាផ្សេងៗទៀតនៅតែបន្តជាហានិភ័យក៏ដោយ។

នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងប៉េកាំងបានបង្ហាញនូវវិធានការមួយចំនួន រួមទាំងការចំណាយលើការងារសាធារណៈបន្ថែមទៀត ការកាត់បន្ថយអត្រាការប្រាក់ ការបន្ធូរបន្ថយពន្ធអចលនទ្រព្យ និងការខិតខំប្រឹងប្រែងដើម្បីពង្រឹងវិស័យឯកជន បន្ទាប់ពីសន្ទុះកំណើនរបស់ប្រទេសចិនបានធ្លាក់ចុះ។

ប៉ុន្តែ​សមត្ថភាព​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ចិនត្រូវ​បានជាប់គាំង​ដោយ​ការ​ភ័យ​ខ្លាច​លើ​ហានិភ័យ​បំណុល និង​តម្លៃប្រាក់​យន់​ដែលងាយនឹង​ផុយស្រួយ៕

ប្រភព: Reuters