អន្តរជាតិ

ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងដែលជាពលរដ្ឋអ៊ីស្រាអែលពីរនាក់បន្ថែមទៀត

ប្រែសម្រួល៖សហការី

យោងតាមមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថាមានចំណាប់ខ្មាំងដែលជាពលរដ្ឋអ៊ីស្រាអែលចំនួនពីរនាក់ទៀតត្រូវបានដោះលែងពីការឃុំឃាំងរបស់ក្រុមហាម៉ាស់ ក្នុងខណៈដែលមានការសម្របសម្រួលពីក្រុមមន្ត្រីកាតា និងអេហ្ស៊ីប ។

ចំណាប់ខ្មាំងទាំងពីរនាក់នេះត្រូវបានគេកំណត់អត្តសញ្ញាណថាជាពលរដ្ឋអ៊ីស្រាអែលដែលមានឈ្មោះ Nurit Cooper អាយុ ៧៩ ឆ្នាំ និង Yocheved Lifshitz អាយុ ៨៥ ឆ្នាំ។

កូនស្រីរបស់គាត់ឈ្មោះ Sharone Lifschitz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានដកស្រង់យកមកចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ម្តាយរបស់ខ្ញុំឈ្មោះ Yochi (Yocheved) Lifshitz គឺជាចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងពីរនាក់ដែលត្រូវបានដោះលែងតាមរយៈកាកបាទក្រហមនៅល្ងាចនេះខណៈពេលនេះខ្ញុំនៅតែផ្តោតលើការធានាការដោះលែងឪពុករបស់ខ្ញុំ និងមនុស្សដទៃទៀតទាំងអស់។ មានមនុស្សស្លូតត្រង់ប្រហែល ២០០ នាក់  ដែលនៅសេសល់ជាប់ជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ Gaza” ។

“ពួកគេត្រូវបានបានក្រុមហាម៉ាសប្រគល់ទៅឱ្យកាកបាទក្រហមនៅឯ Rafah ហើយធ្វើការឆ្លងកាត់តាមច្ររបៀងមួយក្នុងរយៈពេលដ៏ខ្លីនៅមុនពេលដែលពួកគេត្រូវបានប្រគល់ទៅឲ្យមន្ត្រីអ៊ីស្រាអែល។ ក្រុមគ្រួសារត្រូវបានជូនដំណឹង” សេចក្តីថ្លែងការណ៍របស់គ្រួសារ Lifshitz ក៏ត្រូវបានធ្វើឡើងផងដែ។

ហាម៉ាសក៏បាននិយាយផងដែរថា ខ្លួនបានដោះលែងចំណាប់ខ្មាំងពីរនាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រុមហាម៉ាស Abu Obaida ។

លោក Abu Obaida បាននិយាយថា “យើងបានដោះលែងចំណាប់ខ្មាំងពីរនាក់ដោយក្នុងចិត្តចាត់ទុកថាពួកគេគឺជាសត្រូវរបស់យើង។ យើង​បាន​សម្រេច​ចិត្ត​ដោះលែង​ពួកគេ​ដោយ​សារ​ហេតុផល​មនុស្សធម៌ និង​សុខភាព​របស់ពួកគេ។

ចំណាប់ខ្មាំងជនជាតិអាម៉េរិក២នាក់ម្តាយនិងកូនដែលក្រុមហាម៉ាសបានដោះលែងកាលពីថ្ងៃសុក្រសប្តាហ៍មុន

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់ថា ពួកគេបាននិងកំពុងតែធ្វើការសម្របសម្រួលក្នុងការដោះលែងចំណាប់ខ្មាំងពីរនាក់បន្ថែមទៀត។

“យើងបានសម្របសម្រួលការដោះលែងចំណាប់ខ្មាំង ពីរនាក់បន្ថែមទៀតហើយនិងបញ្ជូនពួកគេចេញពី ហ្គាហ្សានៅថ្ងៃល្ងាចនេះ។ តួនាទីរបស់យើងជាអន្តរការីអព្យាក្រឹតសម្រាប់ធ្វើការងារដែលអាចធ្វើទៅបានហើយយើងត្រៀមខ្លួនជាស្រេចដើម្បីជួយសម្របសម្រួលដល់ការដោះលែងចំណាប់ខ្មាំងនាពេលអនាគត។ យើងសង្ឃឹមថាពួកគេនឹងត្រឡប់មកផ្ទះវិញនៅក្នុងពេលឆាប់ៗនេះ។ ” ICRC បានបង្ហោះនៅលើគណនី X ផ្លូវការរបស់ខ្លួន។

CNN បានទាក់ទងទៅយោធាអ៊ីស្រាអែលតែពួកគេបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស។ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ក៏​បាន​និយាយ​ថា​ពួកគេ​មិន​មាន​ការ​អត្ថាធិប្បាយ​ទេ។

កាល​ពី​ថ្ងៃ​អាទិត្យ អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​នឹង​មិន​ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​ក្រុម Hamas ថា​ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ដោះលែង​ចំណាប់ខ្មាំង​ពីរ​នាក់​បន្ថែម​ទៀតនោះទេ ដោយ​ចាត់​ទុក​វា​ថា​ជា ការ​ឃោសនា​ភូតកុហក។

កាលពីថ្ងៃសុក្រ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ម្តាយនិកូនគឺ Judith Tai Raanan និង Natalie Raanan ៕

ប្រភព៖CNN