ព័ត៌មានជាតិ

ការជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

អត្ថបទ៖ ឆាយ ផាន់នី

សៀមរាប៖ គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន ជិតរួចរាល់ជាស្ថាពរហើយ ដោយបច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅតែជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍​ជ័យតដាក)ដែលតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើតមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។

                 (រូបភាព៖ យី សុថា/ ភោគ ជា/ ជា សារិទ្ធ/សាលាបារាំងចុងបូព៌ា)

បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ថា ក្រុមការងារកំពុងតែមមាញឹកការស្តារកំណកដីពីផ្លូវចូល​ខាងកើត ហើយយកទៅចាក់បិទខ្នងទំនប់បារាយណ៍ជ័យតដាក ដើម្បីបំពេញត្រង់ចំណុច​ដែលបាក់ស្រុត ដោយសារទឹកហូរច្រោះឱ្យឃើញនូវរូបរាងដើមវិញ។ ម្យ៉ាងវិញទៀត ការស្ដារកំណកដីផ្លូវចូលនេះ គឺដើម្បីជួយសម្រួលដល់ទេសចរ នឹងបង្ហាញឱ្យឃើញ​ឡើងវិញនូវ​រចនាសម្ពន្ធផ្លូវដែលក្រាលដោយថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនា​នៅ​អមសងខាងផ្លូវ ជាសំណង់ប្រវត្តិសាស្ត្រមួយចំណោមសំណង់ផ្សេងទៀតនៅប្រាសាទ​ព្រះខ័ន។ សព្វថ្ងៃ ទាំងកម្រាលថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនាកប់ក្នុងដី​ជម្រៅប្រមាណជាង១ម៉ែត្រ បណ្តាលឱ្យថ្មរងការពុកផុយ។ កន្លងមក អភិរក្សដ្ឋានអង្គរ​នៃសាលាបារាំងចុងបូព៌ាធ្លាប់ធ្វើកំណាយសម្អាតដីលើផ្លូវនេះរួចម្តងហើយ៕


(រូបភាព៖ យី សុថា/ ភោគ ជា/ ជា សារិទ្ធ/សាលាបារាំងចុងបូព៌ា)