សន្ដិសុខសង្គម

សមត្ថកិច្ចមិនទាន់ចាប់បានតៃកុងឡានដឹកដីបុកជនជាតិគ្រឹងនិងទំពួនជិះម៉ូតូឌុបគ្នាស្លាប់នៅស្រុកបរកែវ

ដោយ:សុខុម
រតនគិរី: មកដល់ព្រឹកថ្ងៃទី២៣តុលា សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនអ្នក បើកបររថយន្ត ដឹកដីជ្រុលចង្កូតបុកម៉ូតូបណ្ដាលឲ្យជនជាតិគ្រឹងម្នាក់និងទំពូនម្នាក់ស្លាប់កាលពីរសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០២៣ ចំណុចការដ្ឋានផ្លូវលំមួយខ្សែក្នុងភូមិជ្រុងឃុំកិចុង​ស្រុកបរកែវ​ខេត្តរតនគិរីនៅឡើយ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះថូ ញ៉ស់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិគ្រឹង ជាអ្នកបើកម៉ូតូ និងទី២ឈ្មោះរម៉ាស់ រើន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិទំពូន។អ្នកទាំងពីរ មានទីលំនៅភូមិជ្រុង ឃុំកិចុង ស្រុកបរកែវ។


មន្ត្រីប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះគឺបង្កឡើង​ដោយសារតៃកុងបើកបរធ្វេសប្រហែស បើកក្នុងល្បឿនលឿនពេក ពេលមកដល់ផ្លូវកោង​ជ្រុលហួសចូលទៅគន្លងខាងផ្លូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង​ហើយឡានក៏បើកបុកម៉ូតូចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ចោល​ប្រពន្ធកូន។


ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុនិងបាន​ប្រគល់សព​ឲ្យសាច់ញតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ចំណែកម៉ូតូដែលខូចខាត​ទាំងស្រុង យកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំកិចុង បណ្ដោះអាសន្ន។ឯឡានបង្ក​បានដកហូតយកទៅទុកនៅអធិការស្រុកបរកែវ។


ជុំវិញករណីគ្រោះថ្នាក់ចរាចរ​ខាងលើនេះដែរ​ម្ចាស់ការដ្ឋានខាងកងវិស្វកម្មចូលរួម​បុណ្យជាថវិកា២ លានរៀលសិនជំនួសតៃកុងរថយន្តដែលរត់គេច។ក៏ប៉ុន្តែក្រុមគ្រួសារ​ជនជាតិដើមភាគតិចដែលរងគ្រោះថ្នាក់ពុំទាន់ទទួលយកសំណងនៅឡើយដោយលើកហេតុផលថាចំណាយបុណ្យអស់ជាង ៤ លានរៀល​បូកទាំងទិញក្របី,ក្តារមឈូស​ស្រាពាងរៀបចំពិធីបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច៕