អន្តរជាតិ

លោក Biden ពិភាក្សាអំពីសង្រ្គាមនៅមជ្ឈិមបូព៌ាជាមួយសម្ព័ន្ធមិត្តលោកខាងលិច

ប្រែសម្រួល៖សហការី

វ៉ាស៊ីនតោន៖ ប្រភពពីសេតវិមានបានប្រាប់ឲ្យដឹងថាកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២២ ខែតុលា លោក Joe Biden បានពិភាក្សាគ្នាជាមួយនឹងមេដឹកនាំនៃមហាអំណាចប្រទេសលោកខាងលិចសំខាន់ៗអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែលអ៊ីស្រាអែល បង្កើនការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាតាមផ្លូវអាកាស។

សេតវិមានបាននិយាយថា លោក Biden បាននិយាយជាមួយមេដឹកនាំរបស់ប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ និងអ៊ីតាលីដើម្បីរកច្រកដោះស្រាយវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា។

នៅក្នុងកិច្ចពិភាក្សាមេដឹកនាំទាំងនោះបានសម្តែងការគាំទ្ររបស់ពួកគេដល់ប្រទេសអ៊ីស្រាអែលចំពោះការប្រើប្រាស់សិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្ម និងបានអំពាវនាវឱ្យអ៊ីស្រាអែលប្រកាន់ខ្ជាប់នូវច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងវិធានការសម្រាប់ការពារជនស៊ីវិល។

មេដឹកនាំទាំងនោះបានពិភាក្សាអំពីបញ្ហាពលរដ្ឋរបស់ពួកគេដែលជាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស “ជាពិសេសអ្នកដែលចង់ចាកចេញពីតំបន់ហ្គាហ្សា” ។

ការប្រយុទ្ធគ្នាបានផ្ទុះឡើងដោយមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ ហើយបណ្តាលឲ្យមានមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខណៈដែលស្ថានភាពមនុស្សធម៌នៅក្នុងតំបន់នេះកាន់តែអាក្រក់ឡើងៗ។

ក្បួនរថយន្តជំនួយមនុស្សធម៌ចំនួន ១៧ គ្រឿងផ្សេងទៀតបានមកដល់តំបន់ហ្គាហ្សា ខណៈដែលតំបន់ខ្លះដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហាម៉ាសកំពុងតែប្រឈមនឹងការខ្វះខាតហើយរងនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

ក្រុមសកម្មប្រយុទ្ធ Hamas បានឈ្លបចូលទៅក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ខែតុលា ដោយបើកការវាយឆ្មក់មិនត្រាប្រណីហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,៤០០ នាក់។

ពួកគេក៏បានចាប់ចំណាប់ខ្មាំងជាង ២០០ នាក់ផងដែរ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលដែលមិនធ្លាប់ជួបប្រទះពីមុនមកនោះទេ។

អ៊ីស្រាអែលបានធ្វើការសងសឹកដោយវាយបកវិញជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ រហូតមកដល់ពេលនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ជាង ៤,៦០០ នាក់ ដែលភាគច្រើនជាជនស៊ីវិលស្លូត្រង់ នេះបើយោងតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា។

មេដឹកនាំលោកខាងលិចបានសម្តែងការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលតាមផ្លូវមនុស្សធម៍ “ដើម្បីធានាឲ្យទទួលបាននូវអាហារ ទឹក និង ការថែទាំវេជ្ជសាស្រ្ត និងជំនួយផ្សេងៗទៀតដែលជាតម្រូវការចាំបាច់ជាលក្ខណៈមនុស្សធម៌”។

ការសម្របសម្រួលការទូតត្រូវបានធ្វើឡើងដ៏ស៊ីជម្រៅបំផុត “ដើម្បីការពារជម្លោះមិនឲ្យរីករាលដាល និងខិតខំប្រឹងប្រែងរក្សាស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាដើម្បីឈានទៅរកដំណោះស្រាយតាមផ្លូននយោបាយការទូតក្នុងគោលដៅថែរក្សាសន្តិភាពយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា”។

សេតវិមានបាននិយាយថា ក្រៅពីលោក Biden អ្នកដែលបានចូលរួមរួមមានដូចជានាយករដ្ឋមន្រ្តីកាណាដា Justin Trudeau ប្រធានាធិបតី Emmanuel Macron នៃប្រទេសបារាំង អធិការបតី Olaf Scholz នៃប្រទេសអាល្លឺម៉ង់ នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni និងនាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak ៕

ប្រភព៖ AFP