សន្ដិសុខសង្គម

មនុស្សរាប់ពាន់នាក់បាននាំគ្នាភ្លូកទឹកភ្លូកដីទៅឲ្យព្រះសង្ឃព្យាបាលជំងឺឬដោះអំពើអាបធ្មប់

ដោយ៖សុខុម

កំពង់ស្ពឺ៖មនុស្សរាប់ពាន់នាក់មកពីតាមបណ្តាខេត្តផ្សេងៗដែលមានជំងឺប្រចាំកាយនិងអ្នកខ្លះជឿថាត្រូវអំពើរបស់គេនោះ បាននាំគ្នាស្នាក់នៅយ៉ាងកកកុញដើម្បីឲ្យព្រសង្ឃមួយអង្គ គង់នៅ វត្តឧត្តមគីរី ហៅភ្នំតូច ស្ថិតក្នុងភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺជួយព្យាបាល។

អ្នកដែលទៅស្នាក់នៅក្នុងបរិវេណវត្តនោះបានឲ្យដឹងថា ព្រះសង្ឃមួយអង្គដែលគេមាន ជំនឿថាពូកែខាងដោះអំពើនិងព្យាបាលជំងឺទូទៅនោះគឺព្រះនាម សេន នរ៉ា ព្រះជន្មាយុ៤៥ព្រះវស្សា បានមកគង់នៅវត្តភ្នំតូចនេះអស់រយៈពេលជាងបីខែមកហើយ។ព្រះអង្គមានស្រុកកំណើត នៅភូមិភ្នំតូច ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។

អ្នកដែលទៅនោះបាននិយាយអួតសរសើរថា ព្រះសង្ឃមួយអង្គនោះបានមើលអ្នកជំងឺ ជាសះស្បើយអស់រាប់ពាន់នាក់ហើយមកទល់នឹងពេលនេះ។ដូច្នេះហើយបានជា​ល្បីតៗគ្នាពីមួយទៅមួយធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាពីតាមបណ្តាខេត្តផ្សេងៗមកឲ្យលោកព្យាបាលនៅទីនេះ។

គេបានឲ្យដឹងទៀតថា ដើម្បីមើលឬព្យាបាលទៅលើជំងឺផ្សេងៗតម្រូវឲ្យអ្នកនាំអ្នកជំងឺ​ទៅព្យាបាលនោះដាក់បច្ច័យក្រដាសប្រាក់៥០០រៀល៥សន្លឹកឬក្រដាស៥០០០រៀលប្រាំសន្លឹក ឬក៏ ក្រដាស៥០០០០រៀលក៏បានដែរឲ្យតែគ្រប់ចំនួន៥សន្លឹក។

ចំពោះជំងឺដែលត្រូវមើលនោះគឺមាន៣ប្រភេទគឺជំងឺសតិមិនល្អ, ខ្មោចអារក្សអ្នកតាធ្វើ​និងអំពើអាបធ្មប់ដែលត្រូវគេធ្វើកន្លងមក។

អ្នកទៅព្យាបាលខ្លះបានប្រាប់ថា គ្រួសារខ្លួះបាននាំយកសាច់ញាតិដែលមានជំងឺ​ប្រចាំកាយ​នោះទៅមើលអស់រយៈពេលពី៤ទៅ៦ថ្ងៃ ហើយ អ្នកខ្លះរយៈពេលប្រហែល​ជិតមួយខែហើយមិនទាន់បានដល់វេណត្រូវព្យាបាលនៅឡើយទេគឺចេះតែនាំគ្នាដេករង់ចាំនៅទីនោះទៅ៕