អន្តរជាតិ

BRIបានបង្ហាញនូវវឌ្ឍនភាព គុណភាព និង វិបុលភាពដ៏ប្រសើរបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមក

ប្រែសម្រួល៖សហការី

សារព័ត៌មាន ស៊ិនហួ បានរាយការណ៏ពីទីក្រុងប៉េកាំង ស្តីអំពីវេទិកាអបអរសាទរខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវហៅថា (BRI) ដែលបង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលទើបនឹងបញ្ចប់នៅទីក្រុងប៉េកាំងក្នុងពេលថ្មីៗនេះ។

ថតពីលើអាកាសនៅថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2019 បង្ហាញពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ 50 MW នៅទីក្រុង Garissa ប្រទេសកេនយ៉ា។ (ស៊ីនហួ/Xie Han)

សុន្ទរកថាដ៏មានសារសំខាន់ថ្លែងនៅឯវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីបី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការសន្យាថា ចិននឹងធ្វើការជាមួយរាល់ភាគីដែលពាក់ព័ន្ធ ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវឆ្ពោះទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍមួយដែលប្រកបទៅដោយចីរភាពនិងមានគុណភាពខ្ពស់ហើយនិងបន្តខិតខំដោយឥតឈប់ឈរដើម្បីឈានទៅសម្រេចឲ្យបាននូវនិវានុវត្តន៏នៃទំនើបកម្មសម្រាប់ប្រទេសដែលជាសមាជិកទាំងអស់។

គំនិតផ្តួចផ្តើមនេះបានប្រែក្លាយជាកម្លាំងចលកលនៅក្នុងទសវត្សរ៍នេះដែលជំរុញឲ្យមានការស្រុះស្រួលមូលមតិគ្នាប្រកបដោយសារសំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបទៅដោយវឌ្ឍនភាព គុណភាព និង វិបុលភាព។ តាមរយៈគំនិតផ្តួចផ្តើមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះជាយន្តការថ្មីមួយដើម្បីលើកស្ទួយសេដ្ឋកិច្ចពិភពលោកដែលនិងទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀត។

  • ឱកាសសម្រាប់ពិភពលោកនៅប៉ូលខាងត្បូង

សម្តេច បវធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងនៅក្នុងវេទិកានេះថា ​BRI បានបើកឱកាស​បង្ក​លក្ខខណ្ឌសម្រាប់ការ​អភិវឌ្ឍប្រកបដោយ​អំណោយផល​សម្រាប់​ប្រទេស​ដែលស្ថិតនៅប៉ូល​ខាង​ត្បូងរបស់ពិភពលោក។

សម្តេច បវធិបតី ហ៊ុន ម៉ាណែត  បានធ្វើការកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះបានធ្វើឱ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីស្រូបទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញកំណើនសេដ្ឋកិច្ចហើយជាយន្តការមួយពន្លឿនដល់សមាហរណកម្មប្រទេសនៅក្នុងតំបន់ និងលើពិភពលោក និងជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅលើពិភពលោក។

នៅក្នុងតួនាទីជាអ្នកផ្តួចផ្តើមរបស់ BRI ចិនបាននិងកំពុងជំរុញយ៉ាងសកម្មនូវគម្រោងសម្រាប់ការ​អភិវឌ្ឍខ្នាតតូចៗដូចជាការសាងសង់ផ្លូវថ្នល់ ផ្លូវរថភ្លើង សាលារៀន មន្ទីរពេទ្យ និងដំបន់កសិកម្មដែលមានសក្តានុពលក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់ដែលមានតម្រូវការចាំបាច់បំផុតនៅលើពិភពលោក។

យោងតាមទិន្ន័យស្ថិតិបានបង្ហាញថា BRI បានជួយលើកស្ទួយជីវភាពប្រជាជនក្រីក្រនៅក្នុងប្រទេសដែលជាសមាជិកបានប្រហែលជាង ៤០ លាននាក់បានចេញផុតពីបន្ទាត់ក្រីក្រ។  BRI ក៏បានពង្រឹងបន្ថែមដល់ទៅ ១ ពាន់ពាន់លានដុល្លារសម្រាប់ការវិនិយោគនៅទូទាំងសកលលោក និងបានបង្កើតគម្រោងជាង ៣,០០០ និងការងារចំនួន ៤២០,០០០ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។

បើយោងរបាយការណ៍របស់ទីប្រឹក្សាសេដ្ឋកិច្ចពិភពលោក Cebr មានការប៉ាន់ប្រមាណថា BRI ទំនងជានឹងជំរុញដល់កំណើន GDP របស់ពិភពលោកដល់ទៅ ៧.១ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំទៅដល់ឆ្នាំ ២០៤០ ។

លោកស្រី Damilola Ogunbiyi តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកថាមពលប្រកបដោយនិរន្តរភាព ក្នុងនាមលោកជាអ្នកសង្កេតការណ៍មួយរូបបានធ្វើការគូសបញ្ជាក់ថា BRI អាចជំរុញក្នុងការអនុម័តថាមពលនៅទូទាំងបណ្តាប្រទេសប៉ូលខាងត្បូងទាំងមូលក្នុងទសវត្សរ៍បន្ទាប់។

លោកស្រី Ogunbiyi បានប្រាប់សារព័ត៌មាន ស៊ិនហួ ថា “ចិនមានក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ អាគុយ និងរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ចិនមានទីតាំងល្អប្រសើរដើម្បីជួយឱ្យមានការចែករំលែកបច្ចេកវិទ្យាកាបូនក្នុងកម្រិតទាបមួយដល់ប្រទេសរីកចំរើន និងប្រទេសដែលកំពុងអភិវឌ្ឍន៍តាមរយៈគម្រោង BRI” ។

លោកស្រីបាននិយាយថា “BRI បានបើកផ្លូវថ្មីសម្រាប់មនុស្សជាតិ” ហើយយើងមើលឃើញសក្តានុពលដ៏សំខាន់ផ្នែកសេដ្ឋកិច្ចសាកលលោកដែលកំពុងរីកចម្រើនជាពិសេសសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍។

  • សមធម៌ និង យុត្តិធម៌ក្នុងអភិបាលកិច្ចសកល

ការសម្រេចបានជោគជ័យរបស់គម្រោង BRI នៅក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ គឺដោយសាមានគោលការណ៍ស្នូលសម្រាប់ពិគ្រោះយោបល់ដ៏ទូលំទូលាយ ការរួមចំណែកជារួមដើម្បីទទួលបានអត្ថប្រយោជន៍រួមគ្នានិងលើកកម្ពស់ពហុភាគីនិយមនៅក្នុងអភិបាលកិច្ចសកលប្រកបដោយសមធម៌ និងយុត្តិធម៌បំផុត។

បើយោងតាមរបាយការណ៍ស្រាវជ្រាវចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួ បានរាយការណ៏ថា គំនិតផ្តួចផ្តើមនេះបានបង្កើតនូវចក្ខុវិស័យថ្មីជាគោលការណ៍មូលដ្ឋានសម្រាប់ការអភិវឌ្ឍជាបណ្តើរៗ និងអភិបាលកិច្ចជាសាកល ជាមួយនឹងកិច្ចសហប្រតិបត្តិការបើកចំហរ ផ្តោតលើការអភិវឌ្ឍ ការពិគ្រោះយោបល់ជាពហុភាគី និងការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា។

របាយការណ៍ដែលស្ថិតនៅក្រោមចំណងជើងថា “ការសិក្សាស្តីពីការអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវជាវិធីសាស្រ្តរួមសម្រាប់ការអភិវឌ្ឍជាលក្ខណៈសកល “ដែលមិនមែនជាការចូលរួមគ្នាដើម្បីកេងប្រវ័ញ្ចលើភូមិសាស្ត្រនយោបាយ ឬជម្លោះមនោគមវិជ្ជានោះទេ ប៉ុន្តែជាការផ្តោតដ៏សំខាន់ទៅលើការអភិវឌ្ឍជាអាទិភាពចំបងរបស់ប្រទេសនីមួយៗ”។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងវេទិការថា BRI ពិតជាបានទទួលជោគជ័យយ៉ាងធំធេងដែលគម្រោងនេះបានក្លាយទៅជាផលប្រយោជន៍សាធារណៈអន្តរជាតិដ៏មានសារសំខាន់មួយដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅលើពិភពលោក។

អ្នកដំណើរថតរូបសែលហ្វីនៅក្នុងរថភ្លើងល្បឿនលឿនអគ្គិសនីច្រើនគ្រឿង (EMU) ដែលកំពុងរត់លើផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ (Xinhua/Xu Qin)

លោកពូទីនបានគូសបញ្ជាក់អំពីទំនុកចិត្តរបស់គាត់ថានឹងមានសមិទ្ធផលថ្មីៗកើនឡើងកាន់តែច្រើនថែមទៀតហើយនេះគឺជាបុព្វហេតុដ៏អស្ចារ្យមួយ។ លោកបាននិយាយថា រុស្ស៊ីពិតជាមានឆន្ទៈរឺងមាំក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើយន្តការពហុភាគីដូចជា BRICS ដើម្បីលើកកម្ពស់សម្ព័ន្ធអន្តរជាតិយោងតាមច្បាប់អន្តរជាតិ និងជំរុញលើការបង្កើតប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយសមធម៌ និង យុត្តិធម៌។

អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមរបស់ចក្រភពអង់គ្លេសលោក Martin Albrow បាននិយាយថា “ការប្រែប្រួលដែលបានកើតឡើងនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ គឺជាការផ្លាស់ប្តូរដ៏ស៊ីជម្រៅក្នុងការចាកចេញពីពិភពឯកកោទៅកាន់ពហុប៉ូលមួយ” ។ “មាន័យថាប្រទេសចិនបានដើរតួរួមចំណែកដ៏សំខាន់មួយសម្រាប់ឥទ្ធិពលរបស់ខ្លួនរះឡើងនៅលើពិភពលោកតាមរយៈការកសាងបណ្តាញទំនាក់ទំនងថ្មីដែលធ្វើឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង” ។

យោងតាមការសង្កេតរបស់ Albrow លើកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានពង្រីកដល់ទៅជិត ៧៥ ភាគរយនៃបណ្តាប្រទេសនៅលើពិភពលោកដែល “អនុញ្ញាតឱ្យយើងហៅគម្រោងនេះថាជាថាមពលទំនាក់ទំនងដែលបានបង្កលក្ខណៈងាយស្រួលដែលអ្នកអាចប្រាស្រ័យទាក់ទងជាមួយគ្នា ដោយចាប់ផ្តើមធ្វើទំនាក់ទំនង ស្វែងរកអ្វីដែលជាផលប្រយោជន៍ទៅវិញទៅមករបស់អ្នកដូចជាខ្សែចង្វាក់ជួញដូរឬផ្លាស់ប្តូរទំនិញ និងសេវាកម្ម និងការស្វែងយល់ពីអ្វីដែលអ្នកមានដូចគ្នាឬស្រដៀងគ្នា”។

លោកបានបន្ថែមថា “យើងយល់អំពីទស្សនវិជ្ជាលើផ្នែកទំនាក់ទំនងរបស់ចិនមិនត្រឹមតែសម្រាប់ប្រទេសផ្សេងតែប៉ុណ្ណោះទេគឺសម្រាប់អភិបាលកិច្ចសកលជាទូទៅផងដែរ” ។

 

  • ទំនើបកម្មប្រកបដោយនិរន្តរភាព

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ចក្ខុវិស័យដ៏អស្ចារ្យនៃវេទិកាដែលបានធ្វើឡើងនៅសប្តាហ៍នេះគឺដើម្បីរួមគ្នាបង្កើតទំនើបកម្មពិភពលោក។

លោក Wang ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបាននិយាយថា “BRI បានបង្កើតវេទិកាសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍរួម និងបានជួយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដើម្បីពន្លឿនតំណើរការឆ្ពោះទៅបង្កើតទំនើបកម្មពិភពលោក” ។

មកទល់នឹងពេលនេះ មានប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមគំនិតផ្តួចផ្តើមនេះបានពង្រីកវិសាលភាពចាប់ពីទ្វីបអឺរ៉ាស៊ី ទៅកាន់ទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន។

នៅក្នុងក្រសែភ្នែករបស់ប្រធានាធិបតី Uzbek លោក Shavkat Mirziyoyev ការកសាងរួមគ្នានៃខ្សែក្រវាត់ និងផ្លូវបានទាក់ទាញការចូលរួមជាសកល ហើយបានប្រែក្លាយជាគំរូថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

រថយន្តវិស្វកម្មត្រូវបានគេមើលឃើញនៅកន្លែងសាងសង់គម្រោងផ្លូវរថភ្លើងហុងគ្រី-ស៊ែប៊ី ក្នុងទីក្រុង Delegyhaza ប្រទេសហុងគ្រី ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2023។ (ស៊ីនហួ/Zheng Huansong)

លោកបាននិយាយថា BRI បានក្លាយជាវេទិកាបើកចំហ និងមានការរួមបញ្ចូលដ៏ទូលំតូលាយដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកជាលក្ខណៈអន្តរជាតិដ៏មានសារសំខាន់បំផុតជាពិសេសនៅក្នុងដំណាក់កាលនៃសង្រ្គាមភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។ លោកបានបន្ថែមថា Uzbekistan ត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបៃតងបន្ថែមទៀតជាមួយបណ្តាប្រទេសជាដៃគូមខ្សែក្រវាត់ និងផ្លូវដើម្បីបង្កើតអនាគតបៃតងសម្រាប់មនុស្សជាតិ។

បច្ចុប្បន្ននេះ គម្រោង BRI បាននិងកំពុងផ្តោតជាសំខាន់លើការការពារបរិស្ថាននៅក្នុងតំបន់ ដើម្បីឈានទៅសម្រេចបាននូវភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។ លោក Erik Solheim ប្រធានវិទ្យាស្ថានខ្សែក្រវាត់ និងផ្លូវបៃតង និងជាអតីតអគ្គលេខាធិការរងអង្គការសហប្រជាជាតិបាននិយាយថា “គម្រោងនេះបានរួមចំណែកដល់ច្រករបៀងផ្លូវដែកពណ៌បៃតងដ៏សំខាន់បំផុតនៅក្នុងប្រទេសកេនយ៉ា អេត្យូពី ឡាវ និងថ្មីៗនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី”។

លោក Solheim បាននិយាយថា “BRI កាន់តែបៃតងជាបណ្តើរៗ ដោយផ្តោតលើថាមពលព្រះអាទិត្យ ខ្យល់ ធារាសាស្ត្រ និងការដឹកជញ្ជូនពណ៌បៃតង។ នៅពេលអនាគត វានឹងក្លាយជាយានឈានមុខលេខមួយរបស់ពិភពលោកសម្រាប់ការវិនិយោគបៃតង” ។

” Evandro Menezes de Carvalho ប្រធានមជ្ឈមណ្ឌលសម្រាប់ប្រទេសប្រេស៊ីលលើការសិក្សារបស់ប្រទេសចិននៅមូលនិធិ Getulio Vargas ក្នុងប្រទេសប្រេស៊ីលបានលើកឡើងថាចលនានិវានុវត្តន៏បានពង្រឹងបន្ថែមដល់គម្រោង BRIដែល “ឥឡូវនេះ យើងមានផ្លូវសូត្រឌីជីថល ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ភាពជាដៃគូថ្មី ជាពិសេសសម្រាប់ប្រទេសទាំងនោះដែលនៅឆ្ងាយពីប្រទេសចិន ដូចជាប្រទេសប្រេស៊ីល និងបណ្តាប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត។

អ្នកជំនាញប្រេស៊ីលបាននិយាយថា ទោះបីជាខ្សែក្រវាត់ និងផ្លូវដែលមានទ្វីបអាស៊ីជាចំណុចស្នូលក៏ដោយក៏ BRI នៅតែបើកទូលាយ និងខិតខំបម្រើដល់ប្រទេសជាមិត្ត ដែលជាប៉ូលធំសម្រាប់ប្រទេសណាដែលចាប់អារម្មណ៍គឺអាចចូលរួមបានទាំងអស់។

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានប្រាប់ស៊ីនហួថា ប្រទេសស៊ែប៊ីកំពុងកែលម្អរបៀបវារៈឌីជីថល ការច្នៃប្រឌិត និងបញ្ញាសិប្បនិម្មិតរបស់ខ្លួន ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។ លោកបានមានប្រសាសន៍ថា “ខ្ញុំជឿថាគម្រោងនឹងបន្តពន្លឿនដូចគ្នានៅលើផ្លូវដូចគ្នាជាមួយនឹងលទ្ធផលល្អបំផុតនិងសម្រាប់ជាប្រយោជន៍ដល់ប្រជាជនរបស់យើង” ។

លោក គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបាននិយាយថា “BRI បានក្លាយជាក្បាលម៉ាស៊ីនថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក” ហើយនឹងបញ្ចូលសន្ទុះថ្មីក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕